ថៃ៖ រៀនចប់គ្រួសារចង់ឱ្យចូលបំរើការងាររដ្ឋ តែមកចាប់អាជីពលក់តែគុជ និងនំបុ័ងអាំង តាមអនឡាញរកចំណូលបានជាង៧០ដុល្លារក្នុងមួយថ្ងៃ
អាជីវកម្ម September 27, 2022 Khmernote

(ថៃ)៖ អ្នកនាង Biu Yosthida Demi អាយុ ២៦ឆ្នាំ ត្រូវជា ម្ចាស់ហាង 89% Milk Tea & Bakery ដែលប្រើប្រាស់ទីធ្លាផ្ទះបាយទំហំត្រឹមតែ 2×3 ម៉ែត្រការ៉េ ដើម្បីធ្វើជាហាងតូចមួយនៅក្នុងផ្ទះបានប្រាប់មហាសេដ្ឋីតាមអ៊ីនធឺណិត (Sentangsedtee)ថា គាត់ធ្លាប់លក់ Milk Tea និង នំបុ័ងដុត តាំងពីសម័យរៀននៅមហាវិទ្យាល័យឆ្នាំទី២ ដើម្បីរកប្រាក់ចំណូលបន្ថែមពេលកំពុងសិក្សា ដែល​ជា​អាជីព​ដែល​រក​ចំណូល​បាន​ល្អគួរសមតែម្តង។

រហូតដល់ថ្ងៃដែលអ្នកនាង Biu បញ្ចប់ការសិក្សា ក្រុមគ្រួសារអ្នកនាងចង់ឱ្យចូលបំរើការងាររដ្ឋ ដោយសារតែរៀនចប់នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ប៉ុន្តែអ្នកនាងនៅតែបន្តការលក់ Milk Tea និង នំបុ័ងអាំង ក្នុងអំឡុងពេលរងចាំលទ្ធផលប្រឡង រហូតដល់មានការរីករាលដាលនៃមេរោគកូវីដបណ្តាលឱ្យគ្រប់យ៉ាងត្រូវបានផ្អាក។ ក្រោយមកនៅពេលដែលអ្នកនាងមានផ្ទៃពោះ អ្នកនាងមានអារម្មណ៍ថាចង់ញាំតែគុជយ៉ាងខ្លាំង ប៉ុន្តែមិនមានហាងណាបើកលក់ដល់ពេលយប់ៗឡើយ ទើបអ្នកនាងសម្រេចចិត្តចូលរៀនឆុងកាហ្វេ តែគុជតែម្តងទៅ លុះក្រោយពីរៀនឆុងចប់ អ្នកនាងក៏បានរៀបចំទីកន្លែងនៅផ្ទះដោយចំណាយទីធ្លាតែ ២×៣ ម៉ែត្រការ៉េ ប៉ុណ្ណោះដើម្បីបើកលក់តាមអនឡាញ រហូតទទួលបានការគាំទ្រច្រើនគួរសម។ គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្នអ្នកនាងមានលក់បានជាង៦ខែហើយ ជាប្រភេទ ភេសជ្ជៈ តែគុជ នំបុ័ងអាំង ដែលមានរសជាតិជាច្រើនឱ្យជ្រើសរើស ពោលគឺក្នុងមួយថ្ងៃអ្នកនាងលក់បានមិនក្រោម ៧០ដុល្លារ ឡើយ៕

អត្ថបទ៖ Bee
ប្រភព៖sentangsedtee