គួរឱ្យសរសើរ! យុវតីមួយរូប បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិកទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ជួយបានទាំងបរិស្ថាន និងរកចំណូលឱ្យក្រុមស្ត្រីក្រីក្រគ្មានទីពឹង
អាជីវកម្ម September 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន យុវតី ម៉ាន អីរ៉ាហ្វាស៊ីរ៉ា បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផង និងជួយរកចំណូលឱ្យក្រុមស្ត្រីក្រីក្រនិងគ្មានទីពឹង។

កញ្ញា ម៉ាន អីរ៉ាហ្វាស៊ីរ៉ា អាយុ ២១ឆ្នាំជាស្ថាបនិក បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិក (Ladies Circles) ស្ថិតនៅខេត្តសៀមរាបប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការ បង្កើតក្រុមស្រី្តកែច្នៃថង់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ដោយសារការមើលឃើញពីការចរាចរណ៍នៃការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។

កញ្ញាបានបន្តថា ដោយសារចង់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដូច្នេះកញ្ញាក៏បានសហការគ្នាជាមួយនឹងសហ គមន៍ស្រ្តីក្នុងការប្រមូលថង់ប្លាស្ទិកដែលគេប្រើប្រាស់ហើយ យកមកកែច្នៃទៅជាផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃវិញធ្វើឱ្យអស់លទ្ធភាព ហើយក៏អាចជួយរកប្រាក់ចំណូលទៅដល់ជនចាស់ជរា ស្រី្តគ្មានទីពឹងនៅក្នុងសហគមន៍ក្នុងខេត្តសៀមរាបផងដែរ។

កញ្ញាបានបន្ថែមថា សម្រាប់ថង់ប្លាស្ទិកទាំងអស់បានប្រមូលមកពីតាមទីតាំងហាង ឬ ភោជនីយដ្ឋានដោយបានលាងសម្អាត និងសម្លាប់មេរោគហើយយកមកកែច្នៃផលិតដោយដៃទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកន្រ្តក កម្រាលជើង កម្រាលតុ ទ្រនាប់ចាន ទ្រនាប់កែវ កន្រ្តកសម្រាប់ដាក់ខោអាវ និងវត្ថុសម្រាប់ប្រើប្រាស់ជាច្រើនមុខទៀត។

(គោលបំណងចម្បង គឺយើងចង់លើកកម្ពស់ស្ត្រី មិនថាស្ត្រីដែលគាត់មេម៉ាយ ចាស់ជរា ឬមួយក៏គាត់មានជំងឺផ្សេងៗ ឬជំងឺអេដស៏ ក៏គាត់មានឱកាសក្នុងការរកការងារធ្វើ រកប្រាក់ចំណូលបាន ដើម្បីរកប្រាក់ចិញ្ចឹមក៏ដូចជាផ្គត់ផ្គង់គ្រួសារគាត់បាន ណាមួយវិញទៀតយើងផ្ដោតសំខាន់ទៅលើការកែច្នៃកាកសំណល់ថង់ប្លាស្ទិក ដែលមនុស្សគ្រប់គ្នាតែងតែគិតថា វាប្រើលែងកើតទៀត គួរតែបោះចោលតែយើងអាចច្នៃប្រឌិតវាទៅជាផលិតផលថ្មី ដើម្បីអាចលក់ចូលទៅក្នុងទីផ្សារ អាចរក ប្រាក់ចំណូលចូលប្រទេសនិងនៅក្នុងសហគមន៍វិញ)។

កញ្ញា ម៉ាន អីរ៉ាហ្វាស៊ីរ៉ា បានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋងាកមកមើល ពីគុណតម្លៃនៃផលិតផលដែលច្នៃពីស្ត្រីខ្មែរ ទោះបីជាគាត់ទិញទៅ ប្រើនៅក្នុងសកម្មភាពណាមួយក៏ដោយ ប៉ុន្តែពេលដែលគាត់ចូលរួមក្នុងការចំណាយថវិការបស់គាត់ មកទិញផលិតផលនីមួយៗ គឺគាត់ជួយបានច្រើនពីការកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដែលបោះចោល ជាពិសេសបានចូលរួមចំណែកយ៉ាងធំ ជួយឱ្យស្ត្រីនៅក្នុងសហគមន៍ គាត់អាចមានចំណូល ប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសារ។ សូមបញ្ជាក់ថា សហគមន៍លេឌីសាយខល បានបង្កើតឡើងនៅឆ្នាំ ២០២១ ស្ថិតនៅឃុំទឹកវិល ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានសមាជិកសរុបចំនួន ៣០នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន