ស្ថានីយ៍ប្រេងឥន្ធនៈរាប់សិបកន្លែងបានបិទទ្វារនៅខេត្ត An Giang និង Dong Thap ប្រទេសវៀតណាម ដោយសារការខ្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អាជ្ញាធរទីផ្សារក្នុងខេត្ត An Giang បានរកឃើញស្ថានីយចំនួន ២១ ត្រូវបានបិទទ្វារកាលពីថ្ងៃពុធ ដោយស្ថានីយ៍ចំនួន ១៩ ក្នុងចំណោមនោះ បាននិយាយថា ពួកគេមិនមានប្រេងម៉ាស៊ូតទេ ហើយខ្លះទៀតក៏បាននិយាយថា គ្មានប្រេងសាំងគ្រប់គ្រាន់ដែរ។
ទន្ទឹមនឹងនេះដែរ ម្ចាស់ស្ថានីយ៍ប្រហែល ២០ទៀត បាននិយាយថា ពួកគេបានបញ្ឈប់ប្រតិបត្តិការដោយសារតែកម្រៃជើងសារ ការខាតបង់ ឬបញ្ហាផ្សេងៗ។ ជាមួយគ្នានេះនៅខេត្ត Dong Thap ស្ថានីយ៍មួយចំនួនបានបិទដោយសារតែការផ្គត់ផ្គង់ទាបពេក។ លោក Hong Phong ប្រធានក្រុមហ៊ុន Petrolimex An Giang ដែលមានទីផ្សារប្រេងឥន្ធនៈ ២៦% នៃខេត្តនេះ បាននិយាយនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា នៅពេលដែលតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ អ្នកចែកចាយតែងតែបោះចោលសារពើភ័ណ្ឌភាគច្រើនរបស់ពួកគេ ដើម្បីកាត់បន្ថយការខាតបង់។
បន្ទាប់មក នៅពេលដែលតម្លៃកើនឡើងភ្លាមៗ ដូចដែលបានកើតឡើងនៅទូទាំងពិភពលោកនាពេលថ្មីៗនេះ អ្នកចែកចាយមិនមានសារពើភ័ណ្ឌគ្រប់គ្រាន់សម្រាប់លក់ ដែលបណ្តាលឱ្យមានការខ្វះខាតផ្នែកខ្លះនៅក្នុងទីផ្សារ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


