iPhone ស៊េរីថ្មី​របស់ Apple នឹង​មាន​លក់​នៅ​រុស្ស៊ី ទោះបីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានចាកចេញពីរុស្ស៊ីក៏ដោយ
អាជីវកម្ម September 8, 2022 Khmernote

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា នេះថា ប្រជាជនរុស្ស៊ីនឹងមានឱកាសទិញ iPhone 14 របស់ក្រុមហ៊ុន Apple ដែលទើបនឹងចេញកាលពីយប់មិញនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានចាកចេញពីរុស្ស៊ីក៏ដោយ។

តាមប្រភពដដែល ប្រជាជនអាចទិញស្មាតហ្វូនស៊េរីថ្មីនេះបាន គឺដោយសារគម្រោងនាំចូលរបស់ទីក្រុងម៉ូស្គូ។ ប្រទេសរុស្ស៊ីបានប្រកាសពីគម្រោងនេះកាលពីខែមីនា នៅពេលដែលខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយ នាំចូលផលិតផលពីបរទេស ដោយគ្មានការអនុញ្ញាតពីម្ចាស់ពាណិជ្ជសញ្ញា។

ជាមួយគ្នានេះ នៅពេលសួរថាតើ iPhone ស៊េរីថ្មីដែល Apple ដាក់បង្ហាញកាលពីថ្ងៃពុធ នឹងត្រូវនាំចូលក្រោមគម្រោងនេះទេ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Denis Manturov បាននិយាយថា “ហេតុអ្វីមិនអាច? ប្រសិនបើអ្នកប្រើប្រាស់ចង់ទិញទូរស័ព្ទទាំងនេះ វានឹងត្រូវបាននាំចូលហើយប្រជាជនងាចទិញបាន”។

គួររម្លឹកផងដែរថា ក្រុមហ៊ុន Apple បានបញ្ឈប់ការលក់ផលិតផលថ្មីនៅក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា មួយសប្តាហ៍បន្ទាប់ពីប្រទេសរុស្ស៊ីបានលុកលុយអ៊ុយក្រែន បើទោះបីជា iPhone, MacBook និងទំនិញ Apple ផ្សេងទៀតនៅតែមាននៅក្នុងហាងរុស្ស៊ីក៏ដោយ។ ប៉ុន្តែអ្នកលក់រាយ នៅតែលក់ផលិតផល Apple ពីស្តុកចាស់ដែលនៅសេសសល់ ហើយក៏មានលក់ផលិតផលចេញថ្មីៗដែរ តាមរយៈគ្រោងការណ៍នាំចូល។ ជាក់ស្ដែងបណ្តាញទូរស័ព្ទចល័តរបស់រុស្សី MTS នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកទទួលការកម្ម៉ង់ iPhone 14 ហើយក្នុងតម្លៃចាប់ផ្តើមពី ៨៤,៩៩០រូប្ល (១,៣៩៨ ដុល្លារអាមេរិក) សម្រាប់ទំហំ 128GB។ ទោះបីជាយ៉ាងនេះក្ដី ពាក់ព័ន្ធនឹងបញ្ហានេះ ខាង Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia