ថៃ៖ ដោយសារតែចង់បង្កើនចំណូលអោយបានច្រើន ដើម្បីទប់ទល់នឹងចំណាយ បានធ្វើការអ្នកនាង Meow-Vichuda Lakhamkaew អាយុ ៣៤ ឆ្នាំ ជាបុគ្គលិកការិយាល័យដែលឧស្សាហ៍ព្យាយាមណាស់ បានឆ្លៀតពេលវេលាពីម៉ោងធ្វើការងារពេញម៉ោង មកធ្វើសាំងវិចលក់បន្ថែមទៀត ដែលទទួលបានចំណូលគួរសម។ កាលពីដើមឡើយអ្នកនាងបានភ្ញាក់ពីគេងនៅម៉ោង ៦ ព្រឹកដើម្បីរៀបចំការងារ ប៉ុន្តែឥឡូវនេះនាងក្រោកពីម៉ោង ៥ព្រឹកមកធ្វើនំសាំងវិចលក់មុនពេលចេញទៅធ្វើការ។ តើអ្នកជឿទេថា ការភ្ញាក់ពីដំណេកមុន ១ម៉ោងជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអ្នកទទួលបានផលចំណេញក្នុងរយៈពេលមួយខែរហូតដល់ទៅ ជាង១ពាន់ដុល្លាអាមេរិក?
ឆ្លើយតបទៅនឹងសំណួរខាងលើ ជាការពិតណាស់ប្រាកដជាអាចទៅរួចចំពោះអ្នកនាង Meow-Vichuda Lakhamkaew នាងជាមនុស្សដ៏ឧស្សាហ៍ព្យាយាម ដែលនាងតែងតែធ្វើការ បន្ថែមពីលើការងារប្រចាំរបស់នាង ព្រោះនាងគិតថាធ្វើការងារមួយមិនគ្រប់គ្រាន់ទេ ដោយអ្នកនាងបានធៀបអាជីពគឺដូចជាទៀន ប្រសិនបើអ្នកមានទៀនជាច្រើននៅក្នុងដៃរបស់អ្នក ហើយមួយក្នុងចំណោមនោះបានរលត់ទៅក៏នៅមានទៀនផ្សេងទៀតជាពន្លឺ។ អ្នកនាងបានបន្ថែមទៀតថា៖ ជាក់ស្តែងក្នុងអំឡុងពេលកូវីដនេះ វាកាន់តែបង្ហាញអោយឃើញច្បាស់ថា មនុស្សជាច្រើនបានបាត់បង់ការងារ សូម្បីតែខ្លួននាងផ្ទាល់ ក៏ត្រូវបានគេកាត់ប្រាក់ខែដែរ ដូច្នេះការបង្កើតអាជីពបន្ថែមគឺជាការបង្កើតជម្រើស និងឱកាសសម្រាប់ខ្លួននាងផ្ទាល់ផងដែរ។ ដោយនាងក៏បានរៀបរាប់អាជីបដែលនាងធ្លាប់បានធ្វើថា ធ្វើជាអ្នកលក់ដូរ យករបស់មកពីចិនមកលក់ក៏ធ្លាប់ យកខោអាវពី Pratunam មកលក់តាមអនឡាញក៏ធ្លាប់ លក់នៅផ្សារណាត់ក្រោយពីធ្វើការក៏ធ្លាប់ ទិញហ្វ្រេនឆាយមកលក់ក៏ធ្លាប់ សូម្បីតែលក់គុយទាវធ្វើរួចហើយដែរ។
ចំពោះមូលហេតុនៃការសម្រេចចិត្តជ្រើសយកការលក់សាំងវិចស្រស់ ដោយសារតែនាងយល់ឃើញថា៖ ជាធម្មតានាពេលព្រឹកព្រលឹម មានមនុស្សជាច្រើននាក់បានប្រញ៉ាប់ប្រញ៉ាល់ទៅធ្វើការអោយទាន់ពេលវេលា ហើយសាំងវិចស្រស់ពិតជាជម្រើសដ៏ល្អសម្រាប់ក្រុមមនុស្សអ្នកធ្វើការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ បន្លែគ្រឿងផ្សំនានានៅក្នុងសាំងវិចក៏សំបូរទៅដោយសារធាតុចិញ្ចឹមដ៏ល្អចំពោះរាងកាយ ហើយពិសេសជាងនេះទៅទៀតនោះគឺ ស្នូលសាំងវិចរបស់អ្នកនាង Meow-Vichuda Lakhamkaew មានរហូតដល់ទៅ ៥មុខអោយជ្រើសរើសតាមចំណូលចិត្តទៀតផង។ ចំណែកដើមទុនវិញអ្នកនាងបានបន្តថា «នាងចំណាយមិនដល់ ១ពាន់ដុល្លារទេ» ពោល គឺនាងចំណាយត្រឹមគ្រឿងផ្សំ និងក្រដាស់សម្រាប់ខ្ចប់នំ ប្រអប់ដាក់ជាដើម។ ចំពោះការលក់វិញ អ្នកនាងគ្រាន់តែថតរូបភាពសាំងវិចរបស់នាងផុសលក់តាមរយៈគណនីហ្វេសប៊ុក និងតាមបណ្តាសង្គមនានាដើម្បីទទួលការកម្ម៉ង់មុន ១ថ្ងៃតែប៉ុណ្ណោះ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្នក្នុងថ្ងៃធ្វើការ Meow នឹងទទួលកុម្មង់បានចន្លោះពី ១៥ ទៅ ២០ នំ ដោយនាងបានក្រោកតាំងពីម៉ោង ៥ ព្រឹក ធ្វើតែ ១ម៉ោងក៏រួចរាល់ ប៉ុន្តែប្រសិនបើនៅថ្ងៃឈប់សម្រាកនាងនឹងទទួលបានការបញ្ជាទិញរហូតដល់ទៅ ៤០-៥០ នំ ចំពោះការបញ្ជាទិញជាអតិបរមាគឺចន្លោះពី ៦០-៧០ នំឯណោះ៕





អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


