ក្រុមហ៊ុនផលិតមីកញ្ចប់ធំចំនួន ៥ នៅក្នុងប្រទេសថៃ កំពុងអង្វររដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃដល់ ៨បាត (០.២២ដុល្លារ) ក្នុងមួយកញ្ចប់ ខណៈដែលពួកគេបាននិងកំពុងជួបបញ្ហាពាក់ព័ន្ធនឹងការចំណាយច្រើន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនចំនួនប្រាំគឺ Thai Preserved Food, Nissin Foods, Thai President Foods, Wan Thai Foods Industry និង Chokchaipibul Co Ltd – កាលពីថ្ងៃចន្ទបានរួមគ្នាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃសម្រាប់មីកញ្ចប់ ដែលជាអាហារពេញនិយមសម្រាប់ប្រជាជនដែលមានចំណូលទាប។
លោក Weera Naphaphreugchart នាយករងគ្រប់គ្រងនៃ Thai Preserved Food ដែលជាក្រុមហ៊ុនផលិតគុយទាវ “Wai Wai” បាននិយាយថា ក្រុមហ៊ុនបានប្រឈមមុខនឹងអតិផរណា និងថ្លៃដឹកជញ្ជូនកើនឡើងនៅក្នុងឆ្នាំមុន ដែលបណ្តាលឱ្យផលិតផលមួយចំនួនរបស់ខ្លួនខាតបង់។ លោកបន្តថា៖ “យើងមិនបានកែសម្រួលតម្លៃគុយទាវរបស់យើងរយៈពេល ១៤ ឆ្នាំមកហើយ ដោយសារគោលនយោបាយកំណត់តម្លៃ ដែលដាក់ដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។ ដូច្នេះវាជាពេលវេលាមួយ ដើម្បីពិនិត្យតម្លៃឡើងវិញ និងដើម្បីឆ្លុះបញ្ចាំងពីការចំណាយជាក់ស្តែង”។
ជាមួយគ្នានេះ លោក Kittiphos Charnphaworakit អនុប្រធានក្រុមហ៊ុន Wan Thai Foods ក្រុមហ៊ុនផលិតមី “Yum Yum” បាននិយាយថា៖ “តម្លៃនៃវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង បានកើនឡើងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នគឺឡើង ៤០ ភាគរយ។
ក្រុមហ៊ុនផលិតគុយទាវ “Nissin” Nissin Foods (Thailand) ក៏បានប្រកាន់យកនូវយុទ្ធសាស្រ្តនៃការឡើងថ្លៃនៃការនាំចេញរបស់ខ្លួន ដើម្បីរក្សាភាពស្ថិតស្ថេរចំពេលមានវិបត្តិតម្លៃកើនឡើង។ ក្រុមហ៊ុនបានដំឡើងតម្លៃនៅក្នុងទីផ្សារក្រៅប្រទេសពី ៥ ទៅ ១២ភាគរយចាប់តាំងពីខែមិថុនា នេះបើយោងតាមនាយកគ្រប់គ្រងលោក Hijiri Fukuoka ។
ទន្ទឹមនឹងនេះ លោក Phan Paniangwet អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងនៃក្រុមហ៊ុនផលិតគុយទាវ “ម៉ាម៉ា” Thai President Foods បានបន្ថែមថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុនផលិតទាំងប្រាំ បាននាំគ្នាអង្វរកជារួមក្នុងការកែតម្រូវតម្លៃ ព្រោះគ្រប់គ្នាបានឈានដល់ដែនកំណត់របស់ពួកគេរួចហើយ ជាមួយនឹងការចំណាយកើនឡើង។
លោក Parinya Sitthidamrong នាយកក្រុមហ៊ុន Chokchaipibul Co Ltd ដែលជាក្រុមហ៊ុនផលិតគុយទាវ Seusat បានបន្ថែមថា “យើងជំរុញឱ្យនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃ ដើម្បីឱ្យអាជីវកម្មរបស់យើងអាចបន្តបាន ព្រោះថាឥឡូវនេះយើងកំពុងរងការខាតបង់លើសពីការខាតបង់”។
គួរបញ្ជាក់ផងដែរថា មីកញ្ចប់ស្ថិតក្នុងចំណោមផលិតផលប្រើប្រាស់និងសេវាកម្មចំនួន ១៨ ដែលមិនអាចដំឡើងថ្លៃ ដោយគ្មានការយល់ព្រមពីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះផលិតផលចំនួន ១៧ មុខទៀតមាន៖ ស៊ុត និងសាច់ អាហារកំប៉ុង អង្ករសំរូប ទឹកជ្រលក់ ប្រេងបន្លែ ភេសជ្ជៈកាបូណាត ទឹកដោះគោ និងផលិតផលទឹកដោះគោ គ្រឿងអគ្គិសនី ផលិតផលលាងសម្អាត (រួមទាំងម្សៅសាប៊ូ) ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ ជាតិដែក ស៊ីម៉ង់ត៍ ក្រដាស ថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រ និងសេវាកម្មនៃហាងលក់ដុំ និងរាយ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ nationthailand


