តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើសុំឱ្យកម្ពុជាធ្វើបែបនេះ ដើម្បីឱ្យក្រុមហ៊ុន Amazon និង Meta មកវិនិយោគនៅកម្ពុជា
អាជីវកម្ម August 12, 2022 Khmernote

គណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។

ការស្នើសុំនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ។

ក្នុងជំនួបនោះដែរ លោកស្រី Wallis Yu បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។

មិនតែប៉ុណ្ណោះ លោកស្រីក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ គួររលឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក៕

អត្ថបទ៖ លីនី