ក្រុមហ៊ុនជប៉ុនមួយប្រើយុទ្ធសាស្រ្តដ៏ប្លែកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដោយជួលអ្នកថ្មើរជើងឱ្យស្ពាយកាតាបម្យ៉ាងដើរជុំវិញទីក្រុងតូក្យូ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark កាលពីដើមខែមិថុនា កន្លងទៅនេះ បានឱ្យដឹងថា ក្រុមហ៊ុន Wanna Technologies បានបង់ប្រាក់ដល់អ្នកថ្មើរជើងម្នាក់ប្រមាណ ១,២០០យ៉េន (ប្រហែល ៩ដុល្លារ) ក្នុងមួយម៉ោង សម្រាប់ការដើរផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុននៅជុំវិញទីក្រុងតូក្យូ។
បើតាមការឱ្យដឹងពីក្រុមហ៊ុន អ្នកថ្មើរជើងតម្រូវឱ្យស្ពាយកាតាបដែលមានបំពាក់ជាមួយ iPad ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មរបស់កម្មវិធី Stchar ។ ជាមួយគ្នានេះ អ្នកថ្មើរជើង តម្រូវឱ្យស្ថិតក្នុងចម្ងាយ ៨០៤ គីឡូម៉ែត្រពីរូបសំណាក Hachiko ក្នុងតំបន់ Shibuya នៃទីក្រុងតូក្យូ។
មិនតែប៉ុណ្ណោះ អ្នកថ្មើរជើងដែលបានស្ពាយកាតាបផ្សាយពាណិជ្ជកម្ម ក៏នឹងត្រូវបានតម្រូវឱ្យផ្អាកការផ្សាយពាណិជ្ជកម្មនៅពេលពួកគេចូលទៅក្នុងគ្រឹះស្ថានឯកជនផ្សេងៗ ដូចជាម៉ាត និងហាងលក់ទំនិញជាដើម៕




អត្ថបទ៖ លីនី
ប្រភព៖ nextshark


