យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលពួកគេបានប្តេជ្ញាចូលរួមបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់តាមរយៈការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ។
ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តមណ្ឌលគិរីដែលកំពុងទទួលរៀបចំចម្អិនម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្តអំពីសកម្មភាពឈប់ជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃគ្រប់ប្រភេទបានបញ្ជាក់ថា«ហាង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុកសាច់សត្វព្រៃសម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហារដ្ឋានរបស់យើងខ្ញុំ គឺនឹងធ្វើការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬបានឃើញអំពីសកម្មភាពជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាពល្មើសច្បាប់»។
លើសពីនេះទៅទៀត ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរតែមុខម្ហូបដែលចម្អិនពីសាច់មាន់ សាច់គោ សាច់ ជ្រូក ស៊ុត និងប្រភពសាច់ស្រុក ដែលរួមបញ្ចូលនូវបន្លែស្រស់គ្មានជាតិគីមី និងមានអនាម័យ សម្រាប់ភ្ញៀវបរិភោគ ប៉ុណ្ណោះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការអភិរក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជួយគិតគូរដល់ប្រភពសត្វព្រៃ និងធនធានធម្មជាតិ ជាពិសេសក៏សូមដាស់តឿនដល់បណ្តាភោជនីយដ្ឋាន និងរមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរទាំងអស់ សូមបញ្ឈប់ និងកុំទទួលទាន់សាច់សត្វ ហើយងាកមកទទួលទានតែប្រភពសាច់ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង និងរួមចំណែកការពារ និងអភិរក្សពូជសត្វព្រៃសំខាន់ៗដែលមាននៅសល់បច្ចុប្បន្ន»។
លោក លឹម សេរីគុត ម្ចាស់ភោជនីយដ្ឋានភ្នំត្បែង នៅខេត្តព្រះវិហារ ដែលជាភោជនីយដ្ឋានទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានប្រកាសថា មិនលក់មុខម្ហូបពីសាច់សត្វព្រៃបានថ្លែងថា ម្ហូបឆ្ងាញ់និងសេវាកម្មល្អគឺជាការទាក់ទាញភ្ញៀវឱ្យចូលពិសាអាហារមិនមែនមានម្ហូបធ្វើពីសាច់សត្វព្រៃទេ ព្រោះសត្វព្រៃមានតម្លៃលើសពីម្ហូបនៅក្នុងចាន។ លោកបានលើកឡើងថា «ពលរដ្ឋមួយចំនួនមកពីបណ្តាខេត្តផ្សេងនិងពីភ្នំពេញខ្លះបានសួររកមុខម្ហូបធ្វើពីសាច់សត្វព្រៃព្រោះយល់ថា ខេត្តដែលមានព្រៃឈើនិងសម្បូណ៌សត្វព្រៃ ងាយនឹងមានលក់សាច់សត្វព្រៃដើម្បីធ្វើមុខម្ហូបឱ្យគាត់ហូប។ គឺមានការសួរនាំដូច្នេះ។ ប៉ុន្តែខ្ញុំបានប្រាប់ថាភោជនីយដ្ឋានយើងខ្ញុំមិនមានលក់សាច់សត្វព្រៃទេ»។
លោក លឹម សេរីគុត បានឱ្យដឹងទៀតថា ការដែលភោជនីយដ្ឋានរបស់លោកមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ដោយសារថា បើលក់មុខម្ហូបពីសាច់សត្វព្រៃគឺប្រៀបបាននឹងចូលរួមលើកទឹកចិត្តការដាក់អន្ទាក់ ការបរបាញ់សត្វព្រៃ។ សត្វព្រៃនេះមានតម្លៃសម្រាប់បរិស្ថាន និងសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។ លោកបន្តថា ប្រសិនបើសត្វព្រៃរបស់យើងសម្បូណ៌ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងអាចផ្តល់ចំណូលដល់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាស្នាក់នៅនិងសេវាអាហារជាដើម។
អំឡុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានឈ្វេងយល់ពីការងារអភិរក្សតំបន់ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសន៍ថា ការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់ភ្ញៀវរបស់ខ្លួននេះ គឺជាផ្នែកមួយនៃលទ្ធផលដែលកើតចេញពីការផ្សព្វផ្សាយអប់រំ និងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិតនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវមោទកភាពនិង អបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា«ជាការចូលរួមប្រកបដោយគុណតម្លៃនិងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយនិងបង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។
សូមរម្លឹកថា ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់ភោជនីយដ្ឋានចំនួន ៣២ នៅក្នុងខេត្តបានប្រកាសជាភោជនីយដ្ឋានគ្មានការលក់មុខម្ហូបពីសាច់សត្វព្រៃគ្រប់ប្រភេទ ហើយភោជនីយដ្ឋានទាំងនោះបានទទួលបណ្ណសរសើរ និងទទួលស្គាល់ពីក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមសម្តែងនូវការអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋាននៅខេត្តមណ្ឌលគិរីដែលបានចូលរួមថែរក្សាអភិរក្សសត្វព្រៃដោយប្រកាសថានឹងមិនលក់មុខម្ហូបពីសាច់សត្វព្រៃគ្រប់ប្រភេទ និងរាយការណ៍ដល់សមត្ថកិច្ចករណីឃើញមានលក់សត្វព្រៃ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា «នេះជាភាពជោគជ័យមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលបានធ្វើឱ្យ ម្ចាស់ភោជនីយដ្ឋានតាំងចិត្តនិងចូលរួមជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់»។ ឯកឧត្តមបានថ្លែងបន្ដថា នេះគឺជាមោទកភាពនៃក្រុមការងារយុទ្ធនាការអន្ទាក់សូន្យដែលមានក្រសួងបរិស្ថានជាអ្នកដឹកនាំមានការចូលរួមពីរដ្ឋបាលខេត្តក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់នៅតំបន់ទេសភាពខ្ពង់រាបខាងកើត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី និងមណ្ឌលគិរី និងអង្គការអន្តរជាតិ ដៃគូទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិ សកល សម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI។ បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន៤២ ទីតាំងក្នុងខេត្ត ៣ (ខេត្តមណ្ឌលគិរីចំនួន៣២ ខេត្តព្រះវិហារចំនួន ៥ និងខេត្តក្រចេះចំនួន ៥) បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់ភ្ញៀវរបស់ខ្លួនឡើយ៕




ប្រភព៖ ក្រសួងព័ត៌មាន


