សហគ្រាស ១កន្លែង បានកែច្នៃកែវក្រដាស បំពង់បឺត ពីអង្ករ និងដំណាំខ្មែរ ២ប្រភេទ ដាក់លក់នៅតាមផ្សារធំៗ ហាងនៅក្នុងក្រុង និងតាមបណ្ដាខេត្តមួយចំនួន
អាជីវកម្ម July 26, 2022 Khmernote

សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់ បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើពីអង្ករ និងដំណាំខ្មែរ ២ប្រភេទ ដើម្បីកាត់បន្ថយសំណល់ផ្លាស្ទិក និងអាចទទួលទានបានដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានដែលដកស្រង់ចេញពីសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី ដែលមានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញថា សហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតខ្មែរនេះ ត្រូវបានបង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក លុបបំបាត់កាកសំណល់ប្លាស្ទិក ជួយបរិស្ថាន ហើយក៏ជួយកូនខ្មែរយើងមានការងារធ្វើផងដែរ។

ជាមួយគ្នានេះដែរ ផលិតផលរបស់រោងចក្រនេះ ផលិតឡើងដោយផ្ដោតលើគុណភាព អនាម័យជាចម្បង។ បច្ចុប្បន្ននេះ បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូង និងពោត មានលក់ទៅទីផ្សារម៉ាក្រូ, ហាងស្នាដៃម៉ែ និងហាងមួយចំនួនទៀត នៅរាជធានីភ្នំពេញនិងខេត្តមួយចំនួន។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សហគ្រាសកែច្នៃបំពង់បឺត ធ្វើអំពីអង្ករខ្មែរ និងជំរុញឲ្យសាធារណជន អាចឈប់ប្រើប្រាស់បំពង់បឺតធ្វើអំពីប្លាស្ទិកបានហើយនៅពេលនេះ៕

ប្រភព៖ ក្រសួងបរិស្ថាន