ថៃ៖ នៅទីធ្លាខាងមុខផ្ទះរបស់កសិករម្នាក់ដែលមានឈ្មោះថា លោក Wasan Iang-iam អាយុ ៦១ ឆ្នាំ នៅភូមិ Ban Khao Nam Sud ឃុំ Thap Yai Chiang ស្រុក Phrom Phiram ខេត្ត Phitsanulok ។ តាមរយៈកសិករថៃម្នាក់មានឈ្មោះថា វ៉ាត់ សាន់ បានមានប្រសាសន៍ថា ជាធម្មតាការធ្វើស្រែចម្ការជាមុខរបរសំខាន់សម្រាប់ប្រជាជននាខេត្តនេះ ហើយក៏ជាអាជីពចំបងផងដែរ។ ប៉ុន្តែក្រោយពីសិក្សាពីតំបន់ជុំវិញផ្ទះ ដែលជាទីធ្លាដាំឪឡឹកនៅទំនេរ លោកក៏នឹកចង់ដាំត្រសក់ស្រូវបន្ថែម ព្រោះលោកមើលឃើញថា វាមានតម្រូវការច្រើននៅលើទីផ្សារ។
ដូច្នេះហើយបានជាលោកចាប់ផ្ដើមសិក្សានិងរៀនសូត្រពីអ្នកជំនាញ ក៏ដូចជាពីក្រុមសហគ្រាសសហគមន៍ថាប់យ៉ៃឈៀង ដែលជាប្រភពនៃចំណេះដឹង រួមទាំងការទិញពូជ ការរៀបចំដី ការបង្កកំណើត ការសំអាត អោយប្រាសចាកសត្វល្អិត។ តាមរយៈការសាកល្បងដាំទាំងខុសផង ត្រូវផង ដោយលោកបានដាំរយៈពេល ៤ឆ្នាំទៅហើយ រហូតទម្រាំតែទទួលបានជោគជ័យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោក វ៉ាត់ សាន់ បានបន្តទៀតថា មូលហេតុដែលជ្រើសរើសដាំផ្លែត្រសក់ស្រូវនេះ ក៏ព្រោះតែងាយស្រួលថែទាំ និង ចំណាយទីធ្លាតិចដាំបានផលច្រើន ហើយថែមទាំងមានរសជាតិផ្អែមឆ្ងាញ់និងជាតម្រូវការខ្ពស់នៅទីផ្សារបច្ចុប្បន្ន ចំពោះការធ្វើស្រែចម្ការលោកបានពោលថា គឺនៅតែធ្វើដដែល។
ចំពោះតម្លៃនៅទីផ្សារវិញមានតម្លៃក្នុងមួយគីឡូ ៨០បាត ឬជាង ២ដុល្លារ ដោយក្នុងមួយផ្លែយ៉ាងហោចណាស់ក៏ទម្ងន់មិនក្រោម ២គីឡូឡើយ។ ចំណែកផ្លែត្រសក់ស្រូវដែលមានការកែច្នៃដាក់ដបផ្លាស្ទិក ដើម្បីអោយមានរូបរាងបេះដូងវិញនោះ តម្លៃលក់ចេញទទួលបានដល់ទៅ ៥៩០បាត ក្នុងមួយផ្លែ ឬជិត ២០ដុល្លារឯណោះ។ ចំណែកលោកស្រី Siriporn Chulaiam ដែលជាប្រធានសហគ្រាសសហគមន៍ Nong Makang Pak Nai Mung បានឲ្យដឹងថា ការថែរក្សាទាំងបន្លែ ផ្លែឡឹក បន្លែខាត់ណា និងផ្លែត្រសក់ស្រូវ ដាច់ខាតគឺត្រូវតែឆ្លងកាត់កម្រិតស្តង់ដារ GAP ដើម្បីបង្កើតគុណភាព និងផ្តល់ទំនុកចិត្តដល់អ្នកបរិភោគផងដែរ។ ក្រៅពីនេះរាល់ការដាំដុះ ទាំងមន្ត្រីកសិកម្មស្រុក និងកសិកម្មខេត្តមានការផ្តល់យោបល់នូវការ ដាំទាំងអស់ ដើម្បីធ្វើអោយលទ្ធផលនៃការដាំដុះទាំងអស់ សមស្របនិងត្រឹមត្រូវតាមកម្រិតស្តង់ដារ៕



អត្ថបទ៖ Bee
ប្រភព៖ khaosod


