ពីនិស្សិតស្រីធម្មតាៗម្នាក់​ ក្លាយជាម្ចាស់ហាងនំបុ័ងអប់ស្រួយយីហោ “PN Stories” ដែលអាចបង្កើនប្រាក់ចំណូលបានមិនធម្មតា
អាជីវកម្ម July 25, 2022 Khmernote

អ្នកនាង Chutima Kamnerdkaew ឬ Palm និស្សិត​វ័យ​ក្មេង​វ័យ ២៦ឆ្នាំ មក​ពីសកលវិទ្យាល័យ Songkla បានជ្រើសរើសធ្វើជាអ្នកលក់នំបុ័ងអប់ស្រួយយីហោ “PN Stories”។ បើទោះជាផ្តើមចេញពីអាជីវកម្មតូចមួយក៏មែនពិត តែនាងបានតាំងចិត្តធ្វើវាអស់រយៈពេល ២ឆ្នាំ ដោយការលក់ក្នុងថ្ងៃដំបូងបានត្រឹមតែ ៣៧ប្រអប់តែប៉ុណ្ណោះ។ ប៉ុន្តែមកទល់សព្វថ្ងៃនេះវិញ ការលក់របស់នាងបានកើនដល់ ៥,០០០ ប្រអប់ក្នុងមួយខែ ដោយបង្កើនប្រាក់ចំណូលជិតមួយមុឺនដុល្លារក្នុងមួយខែ។

អ្នកនាង Chutima Kamnerdkaew ឬ Palm បានរៀបរាប់បន្តអំពីចំណុចចាប់ផ្តើមទម្រាំតែក្លាយទៅជាអាជីវកម្មនំបុ័ងអប់ស្រួយឈ្ងុយឆ្ងាញ់បែបនេះថា ​ពីមុនគាត់ធ្វើការជា admin page ដែលមានតួនាទីឆ្លើយតបនឹងការជជែករបស់អតិថិជនរួមជាមួយនឹងការរៀនផងដែរ។ ក្រោយមកពេលរៀនចប់ អ្នកនាងមិនហ៊ានទៅធ្វើការនៅកន្លែងផ្សេងទេ ដោយសារតែមិនមានទំនុកចិត្តលើខ្លួនឯង ហើយស៊ាំនឹងការងារជា admin ដូច្នេះហើយអ្នកនាងក៏សម្រេចចិត្តក្លាយជាអ្នកលក់នំប៉័ងអប់ស្រួយវិញ។

អ្នកនាងបានបន្តទៀតថា «បន្ទាប់ពីផ្លាស់ទៅនៅជាមួយមិត្តប្រុស ពួកគេបានជួយគ្នារៀបចំផែនការអនាគត គឺ​ពួកគេទាំងពីរមានបំណងចង់បើកហាងកាហ្វេដែលមានលក្ខណៈជាអាជីវកម្មរបស់គ្រួសារផ្ទាល់ ទើបធ្វើឱ្យ​នាងហ្វឹក​ហាត់​ធ្វើ​នំ​តាមរូបមន្តដែលបង្រៀនធ្វើតាមយូធូប បូករួមនិងការកែកុន ដើម្បីដាក់​លក់​នៅ​​ហាង ព្រោះតែនាងក៏សម្លឹងមើលឃើញថា នំបុ័ងអប់ស្រួយគឺអាចឆ្លើយ​តបទៅនឹងតម្រូវការ​ច្រើន​បំផុត ព្រោះ​វា​ងាយ​ស្រួល​ញ៉ាំនិងស្រួលលក់ បូករួមទាំងមិត្តប្រុសរបស់នាងផ្ទាល់បានយកនំដែលនាងបានអប់រួចយកទៅអោយមិត្តភក្តិរបស់លោកភ្លក់ហើយទាំងអស់គ្នាថា ឆ្ងាញ់ខ្លាំងទើបដាក់លក់តែម្តងទៅ ហើយនេះគឺជាចំណុចចាប់ផ្តើមនៃអាជីវកម្មមួយនេះ»។

នាងបានបន្តថា “អ្នកនាង​មាន​ការ​លំបាក​ជា​ច្រើន ​តាំង​ពី​ថ្នាក់​បឋម​សិក្សាមកម្ល៉េះ គឺនាងធ្វើ​ការ​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ រហូត​មក​ដល់​ថ្នាក់​មហាវិទ្យាល័យ ក៏នៅតែធ្វើ ហើយអ្នកនាងក៏​មិន​បាន​នឹកស្មានថា​ អ្នកនាងនឹង​ជោគជ័យដល់ថ្នាក់នេះទេ ព្រោះពីដំបូង​ឡើយ អ្នកនាង​គិត​ថា​រៀនធ្វើ ដើម្បីរង់ចាំ​ថ្ងៃ​បើក​ហាង​កាហ្វេ​តែប៉ុណ្ណោះ តែ​ធ្វើទៅធ្វើមក​បែរជារក​ចំណូល​បាន​ច្រើន​ខ្លាំង។ ចំណែកឪពុកម្តាយរបស់អ្នកនាង ក៏បានលើកទឹកចិត្តឱ្យធ្វើនៅអ្វីដែលធ្វើឱ្យនាងសប្បាយចិត្ត ហើយលោកទាំងពីរពិតជាមានមោទកភាពចំពោះអ្នកនាងខ្លាំងដែលព្យាយាមតស៊ូរហូតមាន​អាជីវកម្ម​ជារបស់ខ្លួនឯងបែបនេះ”។ ជាចុងក្រោយ អ្នកនាង Chutima Kamnerdkaew ឬ Palm បានបន្ថែមថា ចំពោះបងប្អូនឬអ្នកដែលមានបំណងចង់ធ្វើអ្វីមួយ ចូរកំណត់គោលដៅនិងចុះដៃធ្វើវាជាមួយនឹងការតាំងចិត្តពុះពារនៅរាល់ការលំបាកយ៉ាងមានក្តីសង្ឃឹម ហើយអ្នកទាំងអស់គ្នាច្បាស់ជាទទួលបានជោគជ័យជាមិនខាន៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee