ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។
ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធមិនធ្វើអត្ថាធិប្បាយលើការកាត់បន្ថយការងារដ៏ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួនប្តេជ្ញាធ្វើបដិវត្តន៍រថយន្តអគ្គិសនី ដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន ជឿជាក់ថាអនាគតនៃទីផ្សាររថយន្តកំពុងឈានទៅមុខ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ teslarati, wp.com, nbc25news


