មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់កសិករឱ្យដាំដុះស្វាយខុសរដូវឱ្យបានច្រើន និងឱ្យស្របតាមស្តង់ដារកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ
អាជីវកម្ម July 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំទៅដល់កសិករឱ្យដាំដុះស្វាយខុសរដូវឱ្យបានច្រើនដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានណែនាំទៅដល់ប្រជាកសិករជាអ្នកដាំស្វាយកែវរមៀតទាំងអស់បង្កើនការដាំដុះស្វាយខុសរដូវឱ្យបានច្រើន និងឱ្យស្របតាមស្តង់ដារកសិកម្ម ដើម្បីផ្គត់ផ្តងតម្រូវការទីផ្សារនាំចេញទៅប្រទេសចិនក៏ដូចជាប្រទេសជិតខាងយើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីក្រសួងកសិកម្មព្យាយាមធ្វើផ្នែកផលិតកម្មនិងពង្រឹងគុណភាពទៅដល់កសិកររួចមកឃើញថា កសិករមានការយល់ដឹងខ្ពស់ពីបច្ចេកទេសនៃដាំដុះស្វាយបានល្អមួយកម្រិត ហើយស្វាយរបស់កសិករដាំដុះត្រូវតាមស្តង់ដារកសិកម្មអាចនាំចេញបាន។ ជាមួយគ្នានោះដែរ កសិករត្រូវរៀបចំប្រព័ន្ធស្រោចស្រព ឱ្យបានត្រឹមត្រូវ ការមើលថែទាំ ការកំណត់ពេលវេលាការវេចខ្ចប់នៅលើដើម និងប្រមូលផលជាដើម ពិសេសម្ចាស់ចម្ការស្វាយត្រូវ ចុះបញ្ជីចម្ការស្វាយជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តកសិកម្មល្អ។

សម្លេង៖​ « ផលិតកម្មស្វាយខុសរដូវឱ្យបានច្រើនជាអតិបរមាដែលយើងអាចផ្គត់ផ្គងបានរៀងរាល់ខែ ហើយស្វាយកែវរមៀតនេះមានលក្ខណៈពិសេសវាអត់ដូចស្វាយកែវចិនទេ យើងអាចបញ្ជាវាឱ្យចេញផ្កានៅពេលណាក៏បានទៅតាមបច្ចេកទេសគ្រាន់តែ វាមានការលំបាកនៅពេលរដូវភ្លៀង វាត្រូវការដើមទុនច្រើនហើយជួនកាលវាអាចចំពេលដែលចេញផ្កាមានភ្លៀងខ្លាំង វាធ្វើឱ្យទិន្នផលស្វាយនោះវាធ្លាក់ចុះ ក៏ប៉ុន្តែយើងគ្មានជម្រើសទេប្រសិនបើយើងទុកស្វាយរបស់យើងនៅតែឱ្យផ្លែផ្កានៅតាមរដូវធម្មតា នៅពេលនោះយើងនឹងប្រឈមជាមួយនឹងទីផ្សារអន្តរជាតិធំៗជាច្រើន ប្រទេសឥណ្ឌាក៏មានស្វាយប្រទេសវៀតណាម ក៏មានស្វាយប្រទេសថៃ ក៏មានស្វាយប្រទេសភូមាក៏មានស្វាយ ស្វាយទាំងអស់មកពីហ្វីលីពីនក៏មានស្វាយដែរ ប្រមូលផលនៅខែមួយខែពីរ ខែបី ខែបួននេះ គឺយកមកគឺទាំងអស់គ្នារួបរួមគ្នាទៅធ្វើឱ្យទីផ្សារធ្លាក់ ចុះនៅប្រទេសចិនជាពិសេស» ។

ឯកឧត្តមបានឱ្យដឹងថា ដើម្បីឱ្យផ្លែស្វាយកម្ពុជា អាចនាំចេញបានគ្រប់រដូវកាល និងទទួលបាននូវតម្លៃខ្ពស់ ឯកឧត្តមបានជំរុញឱ្យកសិករធ្វើស្វាយខុសរដូវ ដែលប្រមូលផលក្នុងអំឡុងខែតុលា និងវិច្ឆិកា ជាខែដែលស្វាយទទួលបានតម្លៃថ្លៃនៅប្រទេសចិន៕

ប្រភព៖ ក្រសួងព័ត៌មាន