យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់ បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់ សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរ ពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និង នីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលកំណត់ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែកចំពោះអង្គភាពរដ្ឋ និងឯកជន មានអាជ្ញាបណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជិតផុតសុពលភាព ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច០៣ (បី)ខែ ដោយភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុពលភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។
សេចក្តីជូនដំណឹងបន្តថា បុគ្គលដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែ ទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់៕
ប្រភព៖ ក្រសួងព័ត៌មាន


