និយតករទំនាក់ទំនងរបស់រុស្ស៊ីបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ចំនួន ២១.១ពាន់លានរូប (ប្រមាណ ៣៧៣ លានដុល្លារ) ដោយតុលាការក្រុងម៉ូស្គូ។ ការពិន័យនេះបានកើតឡើងដោយសារតែក្រុមហ៊ុនមួយនេះ បានខកខានម្ដងហើយម្ដងទៀត ក្នុងការលុបនូវមាតិកាដែលរុស្ស៊ីចាត់ទុកថាខុសច្បាប់ដូចជា “ព័ត៌មានក្លែងក្លាយ” អំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។
ជាមួយគ្នានេះដែរ ការផាកពិន័យនេះត្រូវបានគណនាជាចំណែកនៃចំណូលប្រចាំឆ្នាំរបស់ Google នៅក្នុងប្រទេសរុស្ស៊ី ខណៈកាលពីចុងឆ្នាំមុន ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ ៧.២ពាន់លានរូបម្ដងរួចមកហើយ។ គួរបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូបានជំទាស់ជាយូរមកហើយចំពោះការចែកចាយមាតិការបស់វេទិកាបច្ចេកវិទ្យាបរទេសដែលបំពានលើការរឹតបន្តឹងរបស់ខ្លួន ហើយការរឹតបន្តឹងនេះ កាន់តែតឹងខ្លាំងចាប់តាំងពីជម្លោះដ៏ពុះកញ្ជ្រោលបានផ្ទុះឡើងជាមួយប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ reuters, geo


