យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestreet ក្រុមហ៊ុន Tesla បានជ្រុះបាត់តំណែងជាក្រុមហ៊នលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោកទៅឱ្យក្រុមហ៊ុនគូប្រជែងរបស់ខ្លួនគឺ BYD Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន និងទទួលបានការគាំទ្រពីមហាសេដ្ឋី Warren Buffett។
តាមប្រភពដដែល មុនពេលរបូតតំណែងកាន់អស់រាប់ឆ្នាំនេះ គឺនាយកប្រតិបត្តិ Tesla លោក Elon Musk ធ្លាប់បានសើចចំអកក្រុមហ៊ុន BYD Motor ពោលគឺនៅក្នុងឆ្នាំ២០១១ នៅពេលដែលសារព័ត៌មានព្យាយាមបង្ហាញថា BYD ជាគូប្រជែង Tesla លោក Musk ផ្ទុះសំណើច។
មហាសេដ្ឋីបានសួរក្នុងអំឡុងពេលសម្ភាសន៍របស់ Bloomberg News នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១១ នៅពេលសួរអំពី BYD Motor ថា “តើអ្នកបានឃើញឡានរបស់ពួកគេទេ?”
មិនតែប៉ុណ្ណោះ Musk បានលើកឡើងថា “ខ្ញុំមិនគិតថាពួកគេមានផលិតផលដ៏អស្ចារ្យនោះទេ ហើយខ្ញុំក៏មិនគិតថា ក្រុមហ៊ុនមានអីទាក់ទាញជាពិសេសនោះដែរ រួមជាមួយបច្ចេកវិទ្យាក៏មិនខ្លាំង។ ហើយ BYD ជាក្រុមហ៊ុនមានបញ្ហាធ្ងន់ធ្ងរណាស់នៅរោងចក្ររបស់ពួកគេនៅក្នុងប្រទេសចិន។ ដូច្នេះខ្ញុំគិតថាការផ្តោតអារម្មណ៍របស់ពួកគេគឺត្រឹមត្រូវ ហើយពួកគេក៏គួរតែផ្តោតលើការធ្វើឱ្យប្រាកដថាពួកគេមិនដួលនៅក្នុងប្រទេសចិនដែរ។”
យ៉ាងណាមិញមកទល់ឆ្នាំ២០២២ នេះ BYD Motor ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ បានក្លាយជាក្រុមហ៊នលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោក ដោយបានលក់រថយន្តបានច្រើនជាងក្រុមហ៊ុន Tesla ចំនួន ៧៦,៦០៧៕


អត្ថបទ៖ លីនី
ប្រភព៖ thestreet


