ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk លែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោកទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestreet។ Tesla បានជ្រុះបាត់តំណែងរបស់ខ្លួន ដែលកាន់កាប់អស់ជាច្រើនឆ្នាំ ទៅឱ្យក្រុមហ៊ុន BYD Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិននិងទទួលបានការគាំទ្រពីមហាសេដ្ឋី Warren Buffett។
បើយោងតាមឯកសាររបស់ក្រុមហ៊ុន BYD Motor ជាមួយផ្សារហ៊ុនហុងកុង បច្ចុប្បន្ននេះ BYD Motor គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោក ដោយលក់រថយន្តថាមពលថ្មីចំនួន ៦៤១,៣៥០គ្រឿងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា។
ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តចំនួន ៥៦៤,៧៤៣ រួមទាំង ២៥៤,៦៩៥ គ្រឿងនៅក្នុងត្រីមាសទីពីរ។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ត្រូវបានជ្រុះដំណែង ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលបង្ខំឱ្យរោងចក្រ Tesla បិទជាបណ្តោះអាសន្ននៅទីក្រុងសៀងហៃ ខណៈរោងចក្រនៅសៀងហៃនេះ គឺទទួលខុសត្រូវពាក់កណ្តាលនៃផលិតកម្ម Tesla ជាសកលនៅឆ្នាំ២០២១។
សរុបមក ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD Motor ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុន Tesla ចំនួន ៧៦,៦០៧ គ្រឿង ខណៈក្រុមហ៊ុននេះបានលក់រថយន្តត្រឹមតែ ១៥៤,៥៧៩ គ្រឿងប៉ុណ្ណោះក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២១៕



អត្ថបទ៖ លីនី
ប្រភព៖ thestreet


