សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។
កសិករមានស្រុកកំណើតនៅភូមិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជាប្រភេទពស់កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន ៥០០ដុល្លារ ទិញពស់ និងធ្វើអាងសម្រាប់ចិញ្ចឹម ដោយដំបូងឡើយចិញ្ចឹមពស់ចំនួន ៤០០ ក្បាល ក្នុង ១ក្បាលមានតម្លៃប្រហែល ១២០០០ រៀល។
កសិកររូបនេះបានឱ្យដឹងទៀតថា ការចិញ្ចឹមពស់នេះមិនពិបាកនោះទេ ហើយថែមទាំងមានទីផ្សារល្អទៀត ព្រោះឈ្មួញវៀតណាមចុះមកប្រមូលទិញអស់ៗដល់កន្លែង។ ចំពោះបច្ចេកទេសចិញ្ចឹម លោក សារ៉ាត់ បានពន្យល់ថា ដំបូងឡើយលោកបានសាងសង់អាងឥដ្ឋចំនួនពីរគឺ អាងទំហំ 4×4 ម៉ែត្រ សម្រាប់ដាក់សត្វពស់ដែលអាចលក់បាន និងមួយទៀត 3×4 ម៉ែត្រសម្រាប់ចិញ្ចឹមពស់ថ្មី។ បន្ទាប់ពីការពិសោធន៍មួយចំនួន គាត់បានបែងចែកជាពីរផ្នែក ដោយបន្ថែមផ្នែកមួយសម្រាប់បង្កាត់ពូជ និងមួយផ្នែកសម្រាប់កូនពស់តូចៗ។ ជាមួយគ្នានេះ អាងមានជម្រៅជាង ១ម៉ែត្រ ដោយមានដាំកំប្លោក ឬ ចកសម្រាប់ពស់ធំ ចំណែកឯអាងមួយទៀត គឺមានទឹករាក់សម្រាប់ដាក់កូនពស់ ហើយពស់ក៏ត្រូវបានបែកចែកដាក់ដោយឡែកតាមទំហំពស់ដែរ ដោយសារពស់ធំនឹងស៊ីពស់តូចៗបើដាក់ជាមួយគ្នា ហើយគាត់ត្រូវប្ដូរទឹកម្ដង ឬ ពីរដងក្នុងមួយខែ។ ចំពោះចំណីវិញ កសិកររូបនេះថា មិនចំណាយច្រើននោះឡើយ គឺគាត់ទិញត្រីតូចៗដែលអន់សាច់ ដាក់ឱ្យពស់ ដោយត្រីមួយគីឡូអាចចិញ្ចឹមពស់បាន ១០០ក្បាល ហើយ ២ ទៅ ៣ថ្ងៃទើបដាក់ឱ្យម្ដង ប៉ុន្តែចំពោះការចំណាយពេលចិញ្ចឹមវិញគឺ ប្រើពេលមួយឆ្នាំជាងទើបអាចលក់បាន។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅលោក សារ៉ាត់ បានចិញ្ចឹមពស់ ៤០០ក្បាល ហើយលក់បានប្រហែល ២០០គីឡូក្រាម ដោយចំនួននៅសល់គឺទុកសម្រាប់បង្កាត់ពូជ។ ក្នុងចំណោមសាច់ ២០០គីឡូក្រាមដែលលោកលក់ ប្រហែល ១៥០គីឡូក្រាម គឺលក់ទៅទីផ្សារវៀតណាម។
យោងតាមការរៀបរាប់របស់កសិកររូបនេះ បច្ចុប្បន្នតម្លៃទីផ្សារសម្រាប់ពស់ “ចាន់ល្មម” គឺប្រហែល ៨០,០០០រៀលក្នុងមួយគីឡូក្រាម។ ហើយបច្ចុប្បន្នគាត់លក់បាន ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយឆ្នាំ។ ក្រៅពីទីផ្សារក្រៅប្រទេស ឥឡូវនេះលោក សារ៉ាត់ មានដៃគូរជាមួយភោជនីយដ្ឋានក្នុងស្រុកចំនួន ៤ គឺ ២ នៅភ្នំពេញ និង ២ នៅព្រះសីហនុ ហើយអតិថិជនក្នុងស្រុកបញ្ជាទិញពី ៣ ទៅ ៤ គីឡូក្រាមរៀងរាល់កន្លះខែម្ដង។ ទន្ទឹមនឹងនេះ គាត់ក៏លក់កូនពស់ទៅអ្នកដែលមានចំណាប់អារម្មណ៍ចិញ្ចឹមផងដែរ ដោយកូនពស់មួយក្បាលតម្លៃ ១ម៉ឺនរៀល៕





អត្ថបទ៖ លីនី
ប្រភព៖ nationthailand


