អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងមិនពន្យារពេលនៃការចុះបញ្ជីជូនអ្នក ប្រកបរបរតាមប្រព័ន្ធអនឡាញទៀតនោះទេ
អាជីវកម្ម July 6, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងពាណិជ្ជកម្មពុំមានការពន្យារពេលបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ប្រព័ន្ធអនឡាញ។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល ការប្រកាសឱ្យអ្នករករបរតាមប្រព័ន្ធអនឡាញមកចុះបញ្ជីចាប់ផ្ដើមតាំងពីខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដែលគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ឆ្នាំហើយ។ គួរកត់សម្គាល់ថា នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានអ្នកដែលប្រកបរបរប្រព័ន្ធអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី។

ក្រសួងពាណិជ្ជកម្ម ធ្លាប់បញ្ជាក់ថា គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជម្រុញឱ្យអ្នកប្រកបរបរតាមអនឡាញមកចុះបញ្ជី ដោយសារតែចង់ធ្វើតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើនដល់ធុរជន ទាំងធុរជនរូបវន្ត និងនីតិបុគ្គល ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់៕

ប្រភព៖ ក្រសួងព័ត៌មាន