យោងតាមការបង្ហោះរបស់អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី២៨ ខែមិថុនា នេះ បានឱ្យដឹងថា អ្នកបន្ទាយស្រីអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯង ដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់ ខុសពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ។ សិប្បកម្មភូមិចន្ទីបន្ទាយស្រី មានទីតាំងនៅ ភូមិចន្ទី-Cashew Village ស្ថិតនៅភូមិប្រិយ៍, ស្រុកបន្ទាយស្រី, តាមបណ្តោយផ្លូវលេខ 67 ហួសភូមិព្រះដាក់ប្រហែល ៥គីឡូម៉ែត។
អភិបាលស្រុកវ័យក្មេង បានបញ្ជាក់ដូច្នេះថា “សិប្បកម្មភូមិចន្ទីបន្ទាយស្រី៖ ទីបំផុត អ្នកបន្ទាយស្រីអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយ! ធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ!
អ្នកណាក៏ដឹងដែរថា ស្រុកបន្ទាយស្រីសម្បូរទៅដោយដំណាំស្វាយចន្ទីជាច្រើនកន្លែង ប៉ុន្តែកន្លងមកអ្នកភូមិបានត្រឹមតែប្រឡេះយកគ្រាប់ឆៅទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណុចទាំងនេះ គឺជារឿងគួរឱ្យសោកស្តាយ ព្រោះកសិករតែងតែលក់បានក្នុងតម្លៃទាប និងមិនទទួលបានតម្លៃបន្ថែមច្រើនពីមុខរបរនេះប៉ុន្មានទេ ប៉ុន្តែខ្ញុំជឿជាក់ថា អ្វីៗនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ បន្ទាប់ពីមានវត្តមានសិប្បកម្មភូមិចន្ទីមួយនេះ។ ពិតមែនតែទើបរៀបចំបានក្នុងខ្នាតតូច និងមិនទាន់អាចដល់កម្រិតស្តង់ដាដើម្បីបង្អួតបង្ហាញអ្នកទេសចរបាននៅឡើយ ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ប្រសើរ ដែលគួរតែទទួលបាននូវការលើកទឹកចិត្ត និងការជំរុញផ្សព្វផ្សាយបន្ថែម “។
បើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទីផ្សារធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកទេសចរអន្តរជាតិតែម្តង។ គេអាចយកវាទៅឆឹងជាមួយស្ករត្នោត ស្រោបជាមួយសូកូឡា ធ្វើជានំបង្អែមបានយ៉ាងច្រើនមុខ លីងនឹងអំបិលម្ទេស ឬហូបលេងផ្ទាល់ក៏បាន ហើយគេក៏អាចលក់វាជាប្រអប់ៗ ច្រកវេចខ្ចប់តាមស្តង់ដាត្រឹមត្រូវ ឬលក់រាយជាកំប៉ុងៗក៏ម្យ៉ាង។ វត្ថុធាតុដើមមាននៅជិតដៃរួចជាស្រេចហើយ នៅឡើយតែការចេះយកមកបំលែងកែច្នៃ បន្ថែមតម្លៃ និងប្រែក្លាយឱ្យទៅជាមុខរបរទេ ទោះក្នុងទម្រង់សិប្បកម្មតូចៗក៏បាន ឬចងគ្នាជាសហគមន៍ក៏បាន ធ្វើយ៉ាងណាឱ្យតែទទួលបាននូវប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។
លោកតែងតែសង្ឃឹមថា បងប្អូនអ្នកភូមិកាន់តែច្រើននឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រី ដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក។ ជឿជាក់ថាផលិតផលមួយនេះមានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោតនោះទេ៕











អត្ថបទ៖ លីនី


