កសិករខេត្ដសៀមរាប កំពុងពេញនិយមដាំដុះកាកាវ ព្រោះជាដំណាំថ្មី ងាយដាំងាយថែឱ្យផលបានច្រើន ហើយមានទីផ្សារល្អ
អាជីវកម្ម June 28, 2022 Khmernote

កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្នគេសង្កេតឃើញថា ប្រជាកសិករចាប់ផ្ដើមមានការពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្ដាខេត្តទៅហើយ ព្រោះតែជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់។ កាកាវ មានអត្ថប្រយោជន៍យ៉ាងច្រើន ដូច្នេះហើយទើបធ្វើឱ្យមានតម្រូវការទីផ្សារខ្ពស់ ពិសេសនៅទីផ្សារតំបន់អឺរ៉ុបតែម្ដង។ ជាមួយគ្នានេះ បើយើងក្រឡេកមើលនៅក្រុងសៀមរាបវិញ ប្រជាពលរដ្ឋដែលបានដាំដំណាំកាកាវ ជាលក្ខណៈគ្រួសារ បានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក ផន ពត ជាប្រជាពលរដ្ឋ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដាំកាកាវជាលក្ខណៈគ្រួសារ ចំនួន២០០ដើម អស់រយៈពីរឆ្នាំមកហើយ។ ឥឡូវនេះដំណាំការកាវរបស់លោកបានចាប់ផ្តើមផ្តល់ផលហើយ ដោយក្នុង១សប្តាហ៍ លោកអាចប្រមូលផ្លែកាកាវបានពី ២០ ទៅ៣០គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១គីឡូក្រាម ១ ២០០ រៀល។ លោកបន្តថា ការដាំដំណាំនេះ សម្រាប់លោកគឺជាការដំបូងដែលបានទៅទិញកូនកាកាវពីក្រុមហ៊ុនហ្វេមីលីកាកាវ ហើយការដំាំដំបូងគឺមានលំបាកបន្តិច ដោយមិនចេះពីបច្ចេកទេសក្នុងការដាំនោះ។

លោកបានឱ្យដឹងថា “ដំណាំប្រភេទនេះ ព្ជាដំណាំថ្មីសម្រាប់នៅកម្ពុជាយើង ប៉ុន្តែដោយសារខាងក្រុមហ៊ុនគេបញ្ជូនអ្នកជំនាញមកជួយផ្តល់បច្ចេកទេសខ្ញុំក៏បានសិក្សាឈ្វេងយល់ពីបច្ចេកទេសក្នុងការថែទាំ ឥឡូវឃើញថា សម្រាប់លោកការដាំដំណាំកាកាវនេះមានភាពងាយស្រួល ហើយមានផលរហូត”។

លោក ពេជ្រ សុភី ជាអ្នកដាំដំណាំកាកាវដែរ នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានឱ្យដឹងដែរថា សម្រាប់ដំណាំកាកាវចំនួន២៥០ដើម របស់លោកក៏ចាប់ផ្តើមផ្តល់ផលជាបណ្តើរហើយដែរ ដោយលោកគិតថា ការដាំកាកាវនេះ ងាយស្រួលជាងដំណាំផ្សេងៗដែលលោកធ្លាប់បានដាំកន្លងមក ព្រោះនៅពេលវាគ្រប់អាយុ វាអាចផ្តល់ផលរហូតគ្រប់រដូវកាល។ លោកចង់ឱ្យប្រជាពលរដ្ឋដែលមានដីទំនេរ ឬធ្លាប់ដាំដំណាំពីមុន តែមិនបានផលអាចប្តូរមកដាំកាកាវនេះម្តងព្រោះ អាចធ្វើឱ្យបងប្អូនទទួលបានផលល្អជាងការគិតរបស់យើងទៅទៀត។

លោកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា (Family Cocoa) បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិកតាមរយៈវិស័យកសិកម្ម ក្រុមហ៊ុនហ្វេមីលីកាកាវ បានលក់ដើមកូនកាកាវទៅឱ្យកសិកក្នុងតម្លៃ ១២ ០០០ រៀល ក្នុងមួយដើម ដោយឱ្យប្រជាកសិករបង់មុន៧០ភាគរយ នៅ៣០ភាគរយទៀតនឹងត្រូវបង់នៅពេលប្រមូលផលបាន។

លោកស្រីបានបន្តថា ចំពោះកសិករដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការដាំដំណាំកាកាវនេះ នៅពេលកាកាវរបស់ពួកគាត់ទទួលបានផល ខាងក្រុមហ៊ុននឹងទទួលទិញទាំងអស់។ កាលពីថ្មីៗនេះក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន COCOA Network Co., Ltd. (K.U.N) នៃប្រទេសថៃ ដោយគ្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវមួយកន្លែងលើផ្ទៃដីទំហំប្រមាណជា ៥ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការកែច្នៃគ្រាប់កាកាវ ដែលប្រមូលទិញបានពីប្រជាកសិករ នៅទូទាំងប្រទេសកម្ពុជា។

លោកស្រីបានបន្ដទៀតថា ការប្រមូលទិញនេះ គឺសំដៅធានាបាននូវទីផ្សារកែច្នៃ និងតម្លៃសមស្រប ដើម្បីឱ្យបងប្អូនប្រជាកសិករ ដែលកំពុងដាំ និងបន្តដាំដើមកាកាវ មានភាពរឹងមាំ និងមានទំនុកចិត្តទៅលើទីផ្សារ ក្នុងការបង្កើនការដាំដុះកាកាវ បង្កើនលទ្ធភាពដល់ពួកគាត់មានចំណូលបន្ថែម និងបង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ជាដើម។

សូមបញ្ចាក់ថា ដំណាំកាកាវ ក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំដំបូងអាចផ្តល់ផលតិចតួច នៅឆ្នាំបន្ទាប់ កាកាវនឹងផ្តល់ផលទ្វេដង ហើយក្នុង១ឆ្នាំកសិករអាចប្រមូលផលពី២ទៅ៤ដង ដោយសារតែធម្មជាតិដំណាំកាកាវផ្តល់ផលផ្លែផ្កាពុំមានរដូវកាល គឺផ្លែផ្កាវិលជុំក្នុង១ឆ្នាំៗ មានន័យថា ប្រមូលផលរួច វានឹងចេញផ្កា និងផ្លែបន្តទៀត។ នៅក្នុងឆ្នាំទី៣ កាកាវមួយដើមផ្តល់ផលពី៥០ទៅ៦០គីឡូក្រាម ឆ្នាំបន្ទាប់ទៀត ពី៧០ ទៅ១០០គីឡូក្រាម និងគ្រប់អាយុពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ ១៥០គីឡូក្រាម។ ចំពោះដំណាំការកាវនេះមានអាយុកាលរហូតទៅ៦០ឆ្នាំ។

សម្រាប់ផ្លែកាកាវទុំស្រស់គេយកគ្រាប់របស់វាទៅសម្ងួតឱ្យក្រៀម រួចចម្រាញ់ជាម្សៅ និងប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេចជាអាហារ ភេសជ្ជៈ គ្រឿងស្រវឹង គ្រឿងសម្អាង ថ្នាំពេទ្យ ចំណីសត្វ ជី និងជីវ-ឧស្ម័ន សរុបមានជាង ២ ០០០មុខ ដើម្បីបម្រើតម្រូវការរបស់មនុស្សលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន