ស្អាតឆ្លាតពូកែ! វ័យត្រឹម ១៩ឆ្នាំ និស្សិតអង់គ្លេសម្នាក់នេះ អាចរកលុយបានរាប់សែនដុល្លារ ពីអាជីពដាក់ឈ្មោះអង់គ្លេសឱ្យកូនចិន
អាជីវកម្ម June 27, 2022 Khmernote

Beau Jessup គឺដូចក្មេងជំទង់ជនជាតិអង់គ្លេសដទៃទៀតដែរ លើកលែងតែរឿងមួយ គឺនាងអាចរកលុយបានរាប់សែនដុល្លារ និងផ្គត់ផ្គង់ការសិក្សាថ្នាក់មហាវិទ្យាល័យបានដោយមិនបាច់ពឹងលុយឪពុកម្ដាយដោយអាជីព “ដាក់ឈ្មោះជាភាសាអង់គ្លេសឱ្យកូនចិន “។ ក្មេងស្រីវ័យ ១៩ឆ្នាំរូបនេះ បានកសាងឈ្មោះជាស្ថាបនិក និងជានាយកប្រតិបត្តិសម្រាប់ខ្លួនឯងទាំងវ័យក្មេង ដោយបង្កើត “Special Name” ដែលជាគេហទំព័រដែលបង្កើតឡើងដើម្បីជួយឪពុកម្ដាយជនជាតិចិន ដាក់ឈ្មោះជាភាសាអង់គ្លេសសម្រាប់កូនៗរបស់ពួកគេ។

Jessup ត្រូវបានបំផុសគំនិតឱ្យចាប់ផ្តើមអាជីវកម្មខាងលើនេះ ក្នុងឆ្នាំ២០១៥ ជាឆ្នាំដែលបញ្ចប់នៃ “គោលនយោបាយកូនមួយ” ជាច្រើនទសវត្សរ៍របស់ប្រទេសចិន ដែលតម្រូវឱ្យគ្រួសារនីមួយៗអាចមានកូនតែម្នាក់ប៉ុណ្ណោះ។ នៅពេលចាប់ផ្ដើមដំបូងនោះ នាងមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ ដោយកាលនោះនាងបានធ្វើដំណើរទៅប្រទេសចិនជាមួយឪពុករបស់នាង ហើយបានជួបនឹងសហការីផ្នែកជំនួញរបស់ឪពុកខ្លួនម្នាក់ឈ្មោះ Wang ហើយនាងក៏បានសុំឱ្យ Jessup ជួយដាក់ឈ្មោះជាភាសាអង់គ្លេសឱ្យកូនស្រីអាយុ ៣ឆ្នាំរបស់ខ្លួន។ ជាក់ស្ដែងនៅក្នុងប្រទេសចិន ទារកទាំងអស់ត្រូវបានដាក់ឈ្មោះជាភាសាចិន តែឈ្មោះ​ចិនមិនអាច​ប្រើលើអ៉ីមែល ឬចុះ​ឈ្មោះ​ជា​អក្សរ​ចិន​ចូល​រៀន​នៅ​សាកល​វិទ្យា​ល័យ​ចក្រ​ភព​អង់​គ្លេស​ឡើយ ហើយជាទូទៅឈ្មោះអង់គ្លេសទាំងនោះ ចេះតែដាក់ដោយខ្លួនឯង ឬដាក់ឱ្យដោយគ្រូ ប៉ុន្តែដោយសារឧបសគ្គភាសា និងការចាប់កំហុសលើអ៉ីនធឺណិតនៅក្នុងប្រទេសចិន ធ្វើឱ្យឈ្មោះដែលបានដាក់ចេញមកភាគច្រើន ភ្លាវ ឈ្មោះមិនមិនល្អ ហើយខ្លះទៀតចេញជាពាក្យមានន័យបែបកំប្លែងទៅវិញ។

Wang ពេញចិត្តជាខ្លាំងចំពោះឈ្មោះជាភាសាអង់គ្លេសនោះ ដែលនេះជាការបំផុសគំនិតឱ្យ​ Jessup បង្កើតគេហទំព័រ “Special Name” ឡើង​ដោយយល់ថា បើ Wang ត្រូវការសេវាកម្មបែបនេះ ឪពុកម្ដាយផ្សេងទៀតក៏ត្រូវការដូចគ្នាដែរ។ ដូច្នេះហើយពេលមកដល់អង់គ្លេសវិញ Jessup បានខ្ចីទុនពីឪពុក​ជិត ២ពាន់ដុល្លារ ជួលអ្នកបង្កើតគេហទំព័រម្នាក់ដើម្បីបង្កើតគេហទំព័រ “Special Name” ឡើង។ ដំបូងឡើយ Jessup បានផ្តល់សេវាកម្មដោយឥតគិតថ្លៃ ប៉ុន្តែបន្ទាប់ពីដាក់ឈ្មោះទារកបានចំនួន ១៦២,០០០នាក់ ការ​ដាក់​ឈ្មោះ​ភាសា​អង់​គ្លេស​មាន​តម្លៃ ៧៩សេន សម្រាប់​ឈ្មោះចំនួន ៣ ឱ្យជ្រើសរើស​ និង​ចំណាយ​ពេល​តែ ៣ នាទី​ប៉ុណ្ណោះតាំង​ពី​ដើម​រហូត​ដល់​ចប់​។

រយៈពេលប្រាំមួយខែក្រោយមក Jessup រកបានជាង ៦០,០០០ដុល្លារ ពីការដាក់ឈ្មោះទារកចំនួន ២០០,០០០នាក់។ ចាប់តាំងពីពេលនោះមកនាងបានដាក់ឈ្មោះសរុបចំនួន ៦៧៧,៩០០ ដោយទទួលបានចំណូលប្រមាណជាង ៤០០,០០០ ដុល្លារ នេះបើយោងតាម CNBC Make It’s។ ជាមួយគ្នានេះ Jessup បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ news.com.au ថា ប្រាក់ចំណូលទាំងនោះ បានជួយនាងសម្រាប់ការបង់ថ្លៃសាកលវិទ្យាល័យ ការវិនិយោគលើអចលនទ្រព្យ ហើយនិងសងប្រាក់កម្ចីរបស់ឪពុកនាងទាំងការ និងដើមរួចរាល់អស់ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc