ដំណឹងល្អ! ភូមិវប្បធម៌ តំបន់កម្សាន្តដ៏ល្បីនៅសៀមរាបនឹងបើកឡើងវិញក្រោមឈ្មោះថ្មី “សួន បៃតងអង្គរ” នាពេលឆាប់ៗខាងមុខនេះ
អាជីវកម្ម June 16, 2022 Khmernote

ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកនៅខេត្តសៀមរាប និងអ្នកដែលតែងតែនិយមទៅកម្សាន្តនៅភូមិវប្បធម៌ ក្នុងខេត្តសៀមរាប ដោយតំបន់កម្សាន្តដ៏ល្បីល្បាញមួយនេះ​ នឹងបើកដំណើរការឡើងទទួលភ្ញៀងទេសចរឱ្យចូលកម្សាន្ត ក្នុងពេលឆាប់ៗនេះ តែនៅក្រោមឈ្មោះថ្មី។

យោងតាមការបង្ហោះរបស់ផេក Angkor Green Gardens by Dara អមជាមួយនឹងរូបភាពដ៏ស្រស់ស្អាតនៃភូមិវប្បធម៌បានបញ្ជាក់ថា៖ “ឆាប់ៗនេះ! សណ្ឋាគារ តារា គ្រុប នឹងនាំសួនកម្សាន្តដ៏ល្បីក្នុងខេត្តសៀមរាបត្រលប់មកវិញឆាប់ៗនេះ ។ មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យពី សួន បៃតងអង្គរ។”

បើតាមការបង្ហោះនោះ ភូមិវប្បធម៌ នឹងត្រលប់មកវិញជាថ្មីជាមួយនឹងឈ្មោះ “សួន បៃតងអង្គរ” និងការកែច្នៃបង្កើនភាពទាក់ទាកាន់តែច្រើនជាងមុនទៀត។ ការបើកឡើងវិញនេះ ធ្វើឱ្យប្រជាជននៅខេត្តសៀមរាប ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗ សប្បាយរីករាយយ៉ាងខ្លាំង និងរង់ចាំថ្ងៃបើកដំណើរការជាផ្លូវការ ដើម្បីចូលទស្សនា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន​ នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែ ​ហើយក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ៕

អត្ថបទ៖ លីនី