មេធំ Coca-Cola និង Jack Daniels របស់ក្រុមហ៊ុន Brown-Forman បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃច័ន្ទ ដើម្បីចែកចាយផលិតផលថ្មីដែលបានបង្កើតឡើងរួមគ្នាចេញជាប្រភេទ cocktail កំប៉ុង មានឈ្មោះថា Jack & Coke។ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ ថា Jack & Coke នឹងចាប់ផ្តើមដាក់លក់នៅចុងឆ្នាំ២០២២ ក្នុងប្រទេសម៉ិកស៊ិក ហើយបន្ទាប់មកនឹងមានលើលក់លើទីផ្សារ ដែលបាន “ជ្រើសរើស” នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។

លោក Lawson Whiting នាយកប្រតិបត្តិ Brown-Forman បាននិយាយថា៖ “ការបង្កើតរួមគ្នានេះ នាំមកនូវរូបតំណាងអាមេរិកបុរាណចំនួនពីរបញ្ចូលគ្នា ដើម្បីផ្តល់ជូនអ្នកទទួលទាននូវបទពិសោធន៍រសជាតិដែលពួកគេចូលចិត្តមកព្រមគ្នា ,ងាយស្រួលទទួលទាន និងងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង”។
ទន្ទឹមនឹងនេះដែរ លោក James Quincey នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនៅតែរក្សាអ្នកប្រើប្រាស់នៅកណ្តាលនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ នៅពេលដែលយើងបន្តអភិវឌ្ឍផលប័ត្ររបស់យើងជាក្រុមហ៊ុនភេសជ្ជៈសរុប” ហើយនោះរួមបញ្ចូលទាំងផលិតផលថ្មីជាមួយនឹងម៉ាក Coca-Cola ដ៏ល្បីល្បាញរបស់យើង”។
គួរបញ្ជាក់ផងដែរថា ផលិតផលថ្មីរបស់ Coca-Cola និង Jack Daniels មានជាតិអាល់កុលប្រហែល ៥% ជាមួយនឹងជម្រើសជាតិស្ករ ១០០% និងគ្មានជាតិស្ករ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា នៅលើកំប៉ុងនឹងមាន “និមិត្តសញ្ញាទំនួលខុសត្រូវច្បាស់លាស់” ដើម្បីការពារការទទួលទានស្រាសម្រាប់អ្នកមិនទាន់គ្រប់អាយុ៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo