ទើបប្រកាសសាងសង់ថ្ងៃមុនសោះ ឥឡូវរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការហើយ
អាជីវកម្ម June 14, 2022 Khmernote

ក្រោយដំណើរការសាងសង់អស់ជាច្រើនខែរួចមក រោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការនៅឆាប់ៗខាងមុខនេះហើយ នេះបើយោងតាមរដ្ឋបាលខេត្ដពោធិ៍សាត់បានធ្វើការបញ្ជាក់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ។

រដ្ឋបាលខេត្ដពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងនៅលើផេកដូច្នេះថា៖ “ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ កំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំ មិនថាយប់ថ្ងៃ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ!”

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។ រោងចក្រផលិតរថយន្ត Ford មានទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕

អត្ថបទ៖ លីនី