ខាតមិនចេះតិច! ទណ្ឌ-កម្មទៅលើរុស្ស៊ី ធ្វើឱ្យក្រុមហ៊ុនសកលលោក ខាតបង់ជាង ៥៩ពាន់លានដុល្លារ ខណៈបញ្ហាហិរញ្ញវត្ថុក៏កាន់តែរីកធំទៅៗ
អាជីវកម្ម June 13, 2022 Khmernote

គិតមកទល់ពេលនេះ គឺរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ហើយការអូសបន្លាយពេលនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើន និងកាន់តែធំៗទៅ។ ជាក់ស្ដែង សង្រ្គាមនេះបង្កឱ្យសេដ្ឋកិច្ចពិភពលោកច្របូលច្របល់ ប្រទេសជាច្រើនជួបបញ្ហាកង្វះស្បៀងអាហារ ប្រេង ខណៈក្រុមហ៊ុនតូច-ធំ ក៏ជួបបញ្ហាដូចគ្នា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើននៅលើសកលលោក បានបង្ហាញពីការខាតបង់ជាង ៥៩ពាន់លានដុល្លារពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដែលកាន់តែធំៗទៅ នៅពេលដែលទណ្ឌកម្មប៉ះពាល់ដល់សេដ្ឋកិច្ច និងការបិទការលក់ដែលនៅតែបន្ត។

អាជីវកម្មលោកខាងលិចជិត ១០០០អាជីវកម្ម បានសន្យាថានឹងចាកចេញ ឬ កាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន នេះបើយោងតាមអ្នកស្រាវជ្រាវ Yale ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាហាររហ័ស McDonald’s Corp. រំពឹងថានឹងកត់ត្រាបន្ទុកគណនេយ្យពី ១.២ ពាន់លានដុល្លារទៅ ១.៤ពាន់លានដុល្លារ បន្ទាប់ពីយល់ព្រមលក់ភោជនីយដ្ឋានរុស្ស៊ីរបស់ខ្លួនទៅឱ្យអ្នកទទួលអាជ្ញាប័ណ្ណក្នុងស្រុក។ ក្រុមហ៊ុន Exxon Mobil Corp. បានយកប្រាក់ចំនួន ៣.៤ ពាន់លានដុល្លារ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការនៅគម្រោងប្រេង និងឧស្ម័ននៅ Far East របស់រុស្ស៊ី។ ក្រុមហ៊ុនផលិតស្រាបៀរ Budweiser Anheuser-Busch InBev SA បានយកប្រាក់ចំនួន ១.១ ពាន់លានដុល្លារ បន្ទាប់ពីបានសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់រុស្ស៊ី។

ជាមួយគ្នានេះ អាជីវកម្មផ្សេងទៀតកំពុងសន្មតថា ពួកគេនឹងមិនទទួលបានប្រាក់ពីប្រតិបត្តិការរុស្ស៊ីរបស់ពួកគេ សូម្បីតែមុនពេលពួកគេបានបញ្ចប់ផែនការចាកចេញក៏ដោយ។ យ៉ាងណាមិញក្រៅពីក្រុមហ៊ុនខាងលើ នៅមានក្រុមហ៊ុនជាច្រើនទៀត ដែលព្រមទទួលប្រាក់ទាំងខាតបង់ ដោយសារតែមិនអាចបន្តប្រតិបត្តិការនៅរុស្ស៊ីទៀត ដើម្បីចូលរួមនឹងទណ្ឌកម្មប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost