ក្រសួងពាណិជ្ជកម្មថៃ មិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីជាច្រើន​រួមទាំងមី “ម៉ាម៉ា” ឡើងថ្លៃនោះទេ ទោះមានការស្នើសុំច្រើនដងក៏ដោយ
អាជីវកម្ម June 11, 2022 Khmernote

កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ដ៏ពេញនិយម ចាប់ពីខែឧសភាតទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមហ៊ុនផលិតមី ដែលជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនថៃជាច្រើន ឱ្យរក្សាតម្លៃលក់រាយត្រឹម ៦បាត ក្នុងមួយកញ្ចប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមិនអនុញ្ញាតឱ្យមានការឡើងថ្លៃណាមួយក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់អ្នកផលិតក្នុងរយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ តម្លៃលក់រាយនឹងរក្សានៅតម្លៃ ៦បាតក្នុងមួយកញ្ចប់ដដែល ដោយនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំឡើង​ថ្លៃ​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណាក្ដី លោក Jurin ដែលជាឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអាណិតអាសូរចំពោះអ្នកផលិតមីកញ្ចប់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា មនុស្ស​ជា​ច្រើន​ទំនង​ជា​នឹង​ផ្អាក​ផលិតកម្ម​ប្រសិន​បើ​ពួក​គេ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន ប៉ុន្តែ​វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ថ្មី​នៃ​ទំនិញ​មិន​មាន​ក្នុង​ទីផ្សារ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand