ឡូយណាស់! Apple នឹងដាក់ឱ្យដំណើរការមុខងារថ្មី Apple Pay Later ដែលឱ្យអតិថិជនបង់រំលោះផលិតផល ដោយមិនគិតការប្រាក់
អាជីវកម្ម June 10, 2022 Khmernote

ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃពុធ ថ្មីៗនេះថា ក្រុមហ៊ុន Apple Inc នឹងផ្ដល់ប្រាក់កម្ចីសម្រាប់សេវាកម្ម Apple Pay Later ដែលអនុញ្ញាតឱ្យអតិថិជន ទិញផលិតផល Apple មុនដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ស្រដៀងទៅនឹងការបង់រំលោះដែរ។

ក្រុមហ៊ុនបានប្រកាសពីមុខងារដ៏ថ្មីស្រឡាង Apple Pay Later នៅក្នុងសប្ដាហ៍នេះ ដោយមុខងារនេះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Apple (iOS 16) សម្រាប់ iPhones និង iPads ។ ក្រៅពីទិញដោយមិនចាំបាច់បង់ប្រាក់មុន ដូចទៅនឹងការបង់រំលោះ ក្រុមហ៊ុននឹងមិនគិតការប្រាក់ ហើយមិនមានការបូកថ្លៃសេវាណាមួយឡើយ។

ចំពោះការបង់សងវិញ គឺក្រុមហ៊ុនតម្រូវឱ្យធ្វើការទូទាត់ជា ៤ដំណាក់កាលស្មើៗគ្នាក្នុងរយៈពេល ៦សប្ដាហ៍ ដោយអតិថិជន Apple នឹងត្រូវភ្ជាប់ប័ណ្ណឥណពន្ធទៅគណនី Apple Pay របស់ពួកគេ ដើម្បីបង់សង។ គួរបញ្ជាក់ថា Apple Pay Later នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយអតិថិជនអាចប្រើមុខងារថ្មីនេះ ទិញផលិតផលបានគ្រប់ទីកន្លែងដែលអនុញ្ញាតឱ្យប្រើ Apple Pay ទាំងតាមអ៉ីនធឺណិត និងនៅក្នុងហាងលក់រាយ ប៉ុន្តែមិនទាន់ទូលំទូលាយនោះទេ ពោលគឺបានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia