ឱកាសល្អ! អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បើកឱ្យកសិករមកសិក្សាបច្ចេកទេសដាំទុរេនដោយមិនបាច់បង់ប្រាក់សូម្បី ១រៀល
អាជីវកម្ម June 10, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង ចលនាកសិករឱ្យដាំទុរេន ព្រោះដំណាំមួយប្រភេទនេះបានផ្តល់ប្រាក់ចំណូលខ្ពស់ ដូច្នេះបងប្អូនកសិករដែលមានលទ្ធភាពត្រូវមកសិក្សាពីបច្ចេកទេសដាំដុះ និងថែទាំយកទៅអនុវត្តឱ្យទទួលបានផលល្អ ។

ក្នុងឱកាសចុះជួបកសិករគំរូដាំទុរេននៅភូមិឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៩ មិថុនា លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ជាក់ថា៖ កសិករមុនដាំដំណាំផ្សេងៗ ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវ ព្រោះដំណាំខ្លះដាំទទួលបានផលច្រើនមែន តែមានតម្លៃទាប ធ្វើឱ្យបងប្អួនទទួលបានប្រាក់ចំណូលតិចតួចតែប៉ុណ្ណោះ ហើយពិបាករកទីផ្សារលក់ថែមទៀត ជាក់ស្តែងដូចស្វាយកែវរមៀតជាដើម ។

លោកបន្កថា៖ អាជ្ញាធរលើកទឹកចិត្តឱ្យបងប្អូនកសិករមានលទ្ធភាព សូមនាំគ្នាដាំដំណាំទុរេន ព្រោះវាមានទីផ្សារស្រួលលក់ ហើយនាំគ្នាមកសិក្សាយកបច្ចេកទេសដាំដុះនៅចម្ការទុរេនសុខា សេសាន មានអ្នកបច្ចេកទេសរង់ចាំបង្ហាត់បង្រៀនដល់បងប្អូន (សំឡេង)………………។

លោក សំ សុធី ម្ចាស់ចម្ការទុរេនសុខាសេសាន បានគាំទ្រផែនការរបស់អាជ្ញាធរស្រុក ព្រោះបច្ចុប្បន្នកសិករភាគច្រើន បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួន ពីការពឹងផ្អែកលើផលអនុផល ព្រៃឈើ និងធ្វើនេសាទងាកមក ដាំដំណាំផ្សេងៗច្រើនគ្នា ព្រោះកសិករខ្លះមានផ្ទៃដីអំណោយផលល្អសម្រាប់ដាំដំណាំឈើហូបផ្លែនេះ។

លោកបន្តថា៖ ការហាត់រៀន ដាំដំណាំទុរេននេះ លោកអាចបង្ហាត់បង្រៀនបានទៅកសិករផ្សេងៗទៀត ឱ្យតែបងប្អូនមកដល់ចម្ការដាំទុរេននេះ លោកនឹងបង្រៀនដោយមិនយកប្រាក់ពីកសិករឡើយ។ លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានគាំទ្រដល់យន្តការនេះ ព្រោះនេះក៏ជាផែនការអភិវឌ្ឍវិស័យកសិកម្ម ដែលមន្ទីរកំពុងតែជំរុញប្រជាកសិករឱ្យផ្លាស់ប្ដូរផ្ទៃដីនៃការដាំដំដំណាំផ្សេងៗ និងកុំចោលដីឱ្យនៅទំនេរ ។

លោកប្រធានមន្ទីរបន្តថា៖ ប្រសិនបើកសិករផលិតបានផលិតផលកសិកម្មច្រើន មន្ទីរនឹងធ្វើពិសោធន៍ពិនិត្យគុណភាពទៅតាមបច្ចេកទេសស្របតាមស្ដង់ដារ ហើយបង្កើតជាភូមិមួយ មានផលិតផលមួយ ដើម្បីលើកកម្ពស់ផ្នែកទីផ្សារ មានអតិថិជនគាំទ្រច្រើន ។

សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងមានកសិករជាង ៥០គ្រួសារហើយកំពុងដាំដំណាំទុរេន ហើយអាជ្ញាធរស្រុកនិងមន្ទីរកសិកម្មបានសម្រេចយកចម្ការដាំទុរេនសុខាសេសានធ្វើជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំកសិកម្មទៅកសិករផ្សេងៗទៀត ដើម្បីរួមគ្នាលើកស្ទួយដល់វិស័យកសិកម្មក្នុងការដាំដំណាំផ្នែកឈើហូបផ្លែឱ្យកាន់តែមានភាពរីកចម្រើននៅឆ្នាំ២០២២នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន