ចេះអ្វីចេះឱ្យប្រាកដ! កសិករខេតត្បូងឃ្មុំ អាចរកចំណូលបានជាង ៨០០០ដុល្លារក្នុង​១រដូវ ពីការដាំផ្លែស្រកានាគ
អាជីវកម្ម June 10, 2022 Khmernote

យុវជន ហេង សេងហ៊ាត អាចរកចំណូលបានពីការដាំផ្លែស្រកានាគក្នុងមួយរដូវជាង ៨០០០ដុល្លារអាមេរិក ខណៈដំណាំនេះមានរសជាតិផ្អែមឆ្ងាញ់ ទទួលបានការគាំទ្រច្រើនពីអតិថិជន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ យុវជន ហេង សេងហ៊ាត ជាកសិករដាំដំណាំផ្លែស្រកានាគ ដែលរស់នៅក្នុង ភូមិទន្លេបិទ ឃុំភ្នំស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែស្រកា នាគនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមពេញប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។

លោកបានបន្ថែមថា ផ្លែស្រកានាគដែលលោកកំពុងដាំនេះជាប្រភេទស្រកានាគសាច់ស្វាយ និងមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសវាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីឡើយ។ លោកបានបន្តថា សម្រាប់ស្រកានាគនេះដែរ គឺយើងត្រូវចំណាយពេលក្នុងការដាំរយៈពេលមួយឆ្នាំ និងក្រោយពីការដាំយើងអាចប្រមូលផលបានក្នុងមួយរដូវមានរយៈពេល ៤ខែ គិតជាប្រាក់ចំណូលប្រមាណជាង ៨០០០ដុល្លារអាមេរិកក្នុងរយៈពេល៤ខែ ដែលជារដូវប្រមូលផល។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកចាប់យកការដាំដំណាំផ្លែស្រកានាគសាច់ស្វាយនេះ ដោយសារលោកមើលឃើញពីទីផ្សារផ្លែស្រកា នាគនៅក្នុងពេលបច្ចុប្បន្នកំពុងមានទីផ្សារល្អ ណាមួយដំណាំប្រភេទនេះងាយស្រួលដាំ ឆាប់បានប្រមូលផល និងទទួលបានទិន្នផលច្រើន។

“ដំបូងឡើយ គឺខ្ញុំគិតថាវាងាយដែរ ដោយសារក្នុងមួយហិកតាយើងអាចដាំបានច្រើនដែរ ចឹងវាអត់មានដំណាំអីដែលដាំបានច្រើនដូចស្រកានាគទេ ចឹងដីយើងមួយហិកតាអាចដាំបានជាង ២០០០ជន្លង់ អ៉ីចឹងយើងដាំច្រើនក៏យើងប្រមូលផលបានច្រើនដែរ ក្នុងនឹងក៏មានការលំបាកដែរ“។

លោកបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំងអស់ដែលកសិករខ្មែរយើងដាំជាពិសេសនៅក្នុងខេត្តត្បូងឃ្មុំផ្ទាល់ ពិព្រោះផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្អែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឱ្យប៉ះពាល់សុខ ភាពបងប្អូនប្រជាពលរដ្ឋឡើយ។ សូមបញ្ជាក់ថា លោក ហេង សេងហ៊ាត បានចាប់យកការធ្វើកសិកម្មដាំផ្លែស្រកានាគនេះ អស់រយៈពេលជិត៦ឆ្នាំមកហើយ លើផ្ទៃដីជិត ១ហិកតា ស្មើនឹង ១៥០០ជន្លង់ដែលលក់ក្នុងតម្លៃបោះដុំ១ គីឡូក្រាម៣៥០០រៀល និងលក់រាយ៥០០០រៀល៕

ប្រភព៖ ក្រសួងព័ត៌មាន