Brian Jung កើតចេញពីគ្រួសារក្រីក្រ បោះបង់ការសិក្សាមកឆ្កឹះលុយពី YouTube ឥឡូវក្លាយជាសេដ្ឋីប្រាក់លានត្រឹមវ័យ ២៥ឆ្នាំ
អាជីវកម្ម June 8, 2022 Khmernote

Brian Jung ជាសេដ្ឋីប្រាក់លានម្នាក់កើតចេញពីគ្រួសារក្រីក្រ ដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍ពីកូរ៉េខាងត្បូង។ ធំធាត់ឡើងនៅតំបន់ Silver Spring រដ្ឋ Maryland លោក Jung មានម្ដាយជាជាងកាត់សក់នៅក្នុងហាងកែសម្ផស្សមួយកន្លែង ហើយឪពុករបស់គាត់ធ្វើការជាច្រើនម៉ោងជាអ្នកម៉ៅការដំឡើងកម្រាលឈើ ដើម្បីផ្គត់ផ្គង់ចិញ្ចឹមគ្រួសារយ៉ាងលំបាក។

បច្ចុប្បន្ន Jung មានអាយុ ២៥ឆ្នាំ ក្លាយជាសេដ្ឋីវ័យក្មេងមួយរូបនៅអាមេរិក ដែលអាចរកចំណូលបានរាប់លានដុល្លារពី YouTube។ យោងតាម CNBC Make It បានរៀបរាប់ពីខ្សែជិវីត និងដំណើរក្លាយទៅជាសេដ្ឋីទាំងវ័យក្មេងរបស់លោក Jung ថា ដំបូងឡើយ Jung ជាក្មេងមិនល្អ ចូលចិត្តបង្កបញ្ហា និងការរំខាននៅក្នុងថ្នាក់រៀនជាមួយមិត្តភ្កិ ២ ទៅ ៣នាក់ ដោយសារតែខ្លួនគិតថា មិនសម ព្រោះតែជាជនជាតិអាមេរិកតែមានដើមកំណើតកូរ៉េ។ លុះចូលដល់ថ្នាក់ទី១០ Jung ត្រូវបានគេបណ្ដេញចេញពីសាលា ហើយត្រូវបានឱ្យចូលរួមកម្មវិធីអប់រំមួយដែលផ្តល់ដំបូន្មានដល់សិស្សដែលមានអាកប្បកិរិយាមិនសមរម្យ ដែលនេះហើយបានផ្លាស់ប្ដូរការគិត និងគំនិតរបស់ Jung ឱ្យកែខ្លួនជាមនុស្សល្អ និងយល់ការជាងមុនរហូតខិតខំកសាងខ្លួនជាថ្មី។

បន្ទាប់ពីប្រែក្លាយចិត្តគំនិត Jung ចាប់ផ្តើមផ្តោតលើការកែលម្អខ្លួនឯង៖ ខិតខំរៀនសូត្រ និងធ្វើឱ្យបានលទ្ធផលល្អនៅក្នុងសាលា។ បន្ទាប់ពីប្រាំមួយខែ គាត់ទទួលបាន GPA 4.0 ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិទ្យាល័យរបស់គាត់វិញ ជាកន្លែងដែលគាត់ពូកែខាងកីឡាបាល់ឱប ប៉ុន្តែក្រោយមក Jung បានសម្រេចចិត្តបោះបង់ចោលការសិក្សានៅចុងឆ្នាំ២០១៨ ក្នុងអាយុ ២១ឆ្នាំ ដើម្បីចូលប្រឡូកក្នុងភាពជាសហគ្រិនឱ្យបានពេញដៃពេញជើង។

ត្រលប់ទៅក្រោយបន្តិច មុនពេលបោះបង់ចោលការសិក្សា Jung បានចាប់ផ្តើមបង្ហោះវីដេអូទៅក្នុង YouTube ក្នុងឆ្នាំ២០១៣។ កាលនោះក្នុងវ័យជំទង់ គាត់បានបង្កើតខ្លឹមសារអំពីវីដេអូហ្គេម និងការនេសាទ ហើយក្រោយមកគាត់បានចាប់ផ្តើម channel របស់គាត់អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងភាពជាសហគ្រិនក្នុងអំឡុងពេលរៀនមហាវិទ្យាល័យក្នុងឆ្នាំ២០១៨ ក្រោយមកចុងឆ្នាំដដែលនេះទើបសម្រេចបោះបង់ការសិក្សាតែម្ដង។ ជាមួយគ្នានេះ នៅខែធ្នូ ឆ្នាំ២០១៩ Jung បានផ្តោតទាំងស្រុងលើ YouTube ហើយវីដេអូដែលជោគជ័យបំផុតរបស់គាត់ គឺការពិនិត្យកាតឥណទាន។ គាត់និយាយថា នៅពេលនោះ channel YouTube នេះមានអ្នក subscriber ប្រហែល ៦,០០០ ហើយកំពុងរកប្រាក់បានពី ២០០ ទៅ ៣០០ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែនៅឆ្នាំ២០២១ ចំពេលដែលអ្នកវិនិយោគលក់រាយមានការងឿងឆ្ងល់ និងការកើនឡើងនៃរូបិយប័ណ្ណគ្រីបតូ channel របស់គាត់គឺឡើងខ្លាំងមែនទែន។ Jung និយាយថា “ខ្ញុំចំណាយពេលច្រើនឆ្នាំដើម្បីទទួលបាន subscriber ចំនួន ១០០,០០០ នាក់ដំបូងរបស់ខ្ញុំ ប៉ុន្តែក្នុងរយៈពេលមិនដល់មួយឆ្នាំផង ខ្ញុំទទួលបាន subscriber ដល់ទៅ ៩០០,០០០ ឯណោះ” ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ​ Jung មានអាយុ ២៥ឆ្នាំ បានសម្រុកធ្វើការលើ YouTube ពេញ​ម៉ោង។ គាត់រកបានប្រហែល ៣.៧ លានដុល្លារក្នុងឆ្នាំចុងក្រោយនេះ ហើយភាគច្រើនរកបានពី channel ដែលផ្តោតលើហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ ដែលមានអ្នក subscriber ច្រើនជាង ១លាននាក់។ ក្រោយជោគជ័យ Jung និយាយ​ថា​ គាត់​សង្ឃឹម​ថា​នឹង​បន្ត​បង្កើន​ចំនួន​ ​subscriber នៅលើ​ ​channel YouTube របស់​គាត់​,ស្វែងរក​ឱកាស​វិនិយោគ​ និង​បង្កើត​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា មិនជួបប្រទះលើបញ្ហាហិរញ្ញវត្ថុទៀត។

គាត់និយាយថា “គោលដៅរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺនឹងធ្វើឱ្យមានបណ្តាញ YouTube គ្រីបតូ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ធំបំផុត” ។ គាត់ក៏ចង់វិនិយោគលើអចលនទ្រព្យបន្ថែមទៀត រួមទាំងទិញផ្ទះថ្មី សម្រាប់ឪពុកម្តាយរបស់គាត់ ក៏ដូចជាអាជីវកម្មសម្លៀកបំពាក់អេឡិចត្រូនិចផងដែរ។ Jung បានបន្ថែមថា “ខ្ញុំចង់បន្តការកសាងរបស់ខ្ញុំ ព្រោះខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យកូនចៅ និងមនុស្ស​ជំនាន់​ក្រោយនៃ​គ្រួសារ​របស់​ខ្ញុំ រស់នៅដោយមិនចាំបាច់​​ត្រូវ​បារម្ភ​ពីរឿង​លុយ​”៕

https://www.youtube.com/c/BrianJungy

អត្ថបទ៖ លីនី
ប្រភព៖ cnbc