កសិករខេត្តកំពង់ចាមជោគជ័យ លើការដាំស្វាយ ១ប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលងាយស្រួលដាំ និងលក់បានថ្លៃ
អាជីវកម្ម June 8, 2022 Khmernote

លោកស្រី ណា ដាណា កសិករខេត្តកំពង់ចាមជោគជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរសជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដំណាំនេះ ងាយស្រួលដំានិងការថែទាំ និងទទួលបានប្រាក់ចំណូលច្រើន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោកស្រី ណា ដាណា ជាកសិករដាំដំណាំផ្លែស្វាយប៉មអូស្រ្តាលី នៅក្នុងខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានដាំផ្លែស្វាយប៉មអូស្រ្តាលី នេះ អស់រយៈពេលជិត ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។

លោកស្រីបានបន្ថែមថា ផ្លែស្វាយដែលលោកស្រីកំពុងដាំនេះ គឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេ ងាយស្រួលថែទាំ មិនប្រើ ប្រាស់កម្លាំងច្រើន ជាពិសេសស្វាយនេះពេលខ្ចីមានរសជាតិជូអែមសាច់ស្រួយ និងពេលទុំមានរសជាតិផ្អែមសាច់រឹង។

លោកស្រីបានអំពាវនាវ ទៅ ដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំងអស់ដែលកសិករខ្មែរ យើងដាំ ជាជាងបន្លែ ផ្លែឈើ ឬក៏ផលិតផលនាំចូលពីប្រទេសគេ ដោយសារតែបន្លែផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្លែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ។

សំឡេង ៖“បងប្អូនប្រជាពល រដ្ឋជួយគាំទ្ររបស់ខ្មែរ ព្រោះយើងអត់មានប្រើជីប្រើអីទេ និយាយទៅអត់សោះតែម្ដង ណាមួយឱ្យគេជួយគាំទ្រផលិតផលខ្មែរយើងតែម្ដង អ្វីក៏ដោយមិនត្រឹមតែស្វាយនោះទេ ផលិតផលគ្រប់មុខ ដូចជាស្វាយចន្ទី បានមកថោក ស្វាយបានមកថោក ដល់ពេលអ៊ីចឹងចង់សំណូមពរដល់រដ្ឋាភិបាលឱ្យជួយគាំទ្រផលិតផលខ្មែរឱ្យមានទីផ្សារ ល្អជាងនឹងដើម្បីកសិករមានកម្លាំងដាំតទៅមុខទៀត“។

សូមបញ្ជាក់ថា ចម្ការលោក ស្រីណា ដាណា មានទីតាំងស្ថិតនៅ ឃុំព្រែកកុយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានចាប់យកការធ្វើកសិកម្មដាំផ្លែស្វាយប៉មអូស្រ្តាលីនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ លើផ្ទៃដី ១០ហិកតា ដែលមានលក់ស្វាយក្នុងតម្លៃបោះដុំ១គីឡូ ក្រាម៣៥០០រៀល និងលក់រាយ ៥០០០រៀល៕

ប្រភព៖ ក្រសួងព័ត៌មាន