ក្រុមហ៊ុនចិនធំលំដាប់ទី៣ ក្នុង​វិស័យ​ទេសចរណ៍ បានទិញយកភាគហ៊ុន ៣៥% របស់ក្រុមហ៊ុនវៀតណាម នៅក្នុងក្រុមហ៊ុន Cambodia Angkor Air
អាជីវកម្ម June 8, 2022 Khmernote

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សារព័ត៌មាន VnExpress បានចេញផ្សាយថា ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះ នៅសល់ភាគហ៊ុនតែ ១៤% ទៀតតែប៉ុណ្ណោះ។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី០៦ ខែឧសភា បានឱ្យដឹងថា ភាគហ៊ុនវៀតណាម ៣៥% ដែលបានដាក់លក់ ត្រូវបានទិញដោយក្រុមហ៊ុនចិន។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិនបានទិញភាគហ៊ុនខាងលើនេះ ក្នុងតម្លៃ ៣៤លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនកាលពីថ្ងៃទី៣១ ខែឧសភា។ ជាមួយគ្នានេះដែរ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Angkor Air បានប្រាប់សារព័ត៌មាននៅកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានចរចាលក់ភាគហ៊ុនរបស់ខ្លួនមុនមានជំងឺកូវីដ-១៩ ប៉ុន្តែការលក់ត្រូវបានពន្យារពេលរហូតដល់ថ្មីៗនេះ។

លោក តឹករ៉េត សំរេច បានបន្ថែមថា ការលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនចិន នឹងជួយឱ្យអាជីវកម្មរបស់ក្រុមហ៊ុន Cambodia Angkor Air កាន់តែមានភាពរឹងមាំ និងរប្រសើរឡើង ក៏​ព្រោះ​តែ​ក្រុមហ៊ុន​ចិន​ដែល​បាន​ទិញ​ភាគហ៊ុន​ ៣៥​% ​នៅ Cambodia Angkor Air ​មាន​ជំនាញ​ខាង​អាកាសចរណ៍​ស៊ីវិល និង​ជា​ក្រុមហ៊ុន​រដ្ឋ​ធំ​ទី​បី​ដែល​ប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍។

លោកក៏បានបញ្ជាក់ថែមទៀតថា ការចូលរបស់ក្រុមហ៊ុនចិននឹងជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Angkor Air ជាពិសេសដោយរៀបចំខ្លួនទទួលអ្នកដំណើរជនជាតិចិន ខណៈដែលប្រទេសចិនកំពុងត្រៀមបញ្ចប់នៃវិធានការណ៍ កូវីដ-១៩ ដ៏តឹងតែង ហើយអាចនឹងបើកច្រកចូលដូចមុនកូវីដ-១៩ វិញ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cambodia Angkor Air បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយភាគទុនិកចំនួនបីផ្សេងគ្នា ដែល ៥១% កាន់កាប់ដោយរដ្ឋាភិបាលកម្ពុជា ៣៥% កាន់កាប់ដោយក្រុមហ៊ុនចិនថ្មី និង ១៤% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ខណៈក្រុមហ៊ុនប្រុងនឹងលក់ភាគហ៊ុនដែលនៅសល់ចេញទៀត​នៅចុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand