ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក នាំគ្នាបង់ពន្ធឱ្យប្រទេសវៀតណាមជាង ២០០លានដុល្លារ
អាជីវកម្ម June 7, 2022 Khmernote

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានឱ្យដឹងថា វេទិកាធំៗនៅលើពិភពលោកដូចជា Facebook និង Google បានបង់ពន្ធចំនួន ៥.១ពាន់លានដុង (២២០ លានដុល្លារ) សម្រាប់រយៈពេលចន្លោះឆ្នាំ២០១៨ និង២០២១។ លោក Ho បានជូនដំណឹងដល់សមាជិកសភានៅក្នុងរបាយការណ៍មួយថា នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធចំនួន ១.៩៧ ទ្រីលានដុង (ប្រមាណ ៨៤លានដុល្លារ) ខណៈ Google ចំនួន ១.៩ ទ្រីលានដុង (ប្រមាណ ៨១លានដុល្លារ) និង Microsoft ចំនួន ៦៥១ ពាន់លានដុង (ប្រមាណ ២៨លានដុល្លារ)។

ជាមួយគ្នានេះ របាយការណ៍ក៏បានបង្ហាញថា​ អាជ្ញាធរវៀតណាមក៏បានប្រមូលប្រាក់ចំនួន ៧៣៥ពាន់លានដុង ពីការដោះស្រាយការបំពាន និងការគេចវេសពីពន្ធ ដោយបុគ្គល និងអង្គការដែលផ្តល់សេវាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។ ជាក់ស្ដែងអគ្គនាយកដ្ឋានពន្ធដារបាននិយាយកាលពីឆ្នាំមុនថា Facebook, Google, Netflix, YouTube និងវេទិកាឆ្លងដែនផ្សេងទៀតមិនបានបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាមនោះទេ។

យ៉ាងណាមិញ ក្រៅពីពន្ធលើក្រុមហ៊ុនធំៗខាងលើ ប្រទេសវៀតណាមក៏កំពុងសម្លឹងមើលការយកពន្ធលើអ្នកលក់អនឡាញផងដែរ ទាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការលក់តាមអេឡិចត្រូនិកបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress