មិនមែនតែ Apple ទេ សូម្បីក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះ ក៏រើសយកវៀតណាមដើម្បីផលិតស្មាតហ្វូននាំចេញទៅអាស៊ីអាគ្នេយ៍
អាជីវកម្ម June 6, 2022 Khmernote

ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមផលិត និង​ចែកចាយ​ស្មាតហ្វូនដែល​ផលិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ជាលើកដំបូង​។ ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុន DBG Technology ដែលជាសាខារបស់ក្រុមហ៊ុន DBG Electronics Investment Limited របស់ហុងកុងនៅរោងចក្រមួយនៅភាគខាងជើងខេត្ត Thai Nguyen ។

តំណាងក្រុមហ៊ុន Xiaomi Vietnam បាននិយាយថា ក្រៅពីការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ឧបករណ៍ទាំងនោះក៏នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ ជាមួយគ្នានេះ លោក Nguyen Duc Trong នៃក្រុមហ៊ុន Digiworld ជាអ្នកលក់បន្តដែលមានការអនុញ្ញាតពី Xiaomi នៅក្នុងប្រទេសវៀតណាម បាននិយាយថា ការផលិតស្មាតហ្វូននៅក្នុងប្រទេសវៀតណាម នឹងជួយដោះស្រាយបញ្ហាដែលបណ្តាលមកពីការរំខាននៃជំងឺកូវីដ-១៩ នៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

គួរបញ្ជាក់ផងដែរថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទីពីរនៅក្នុងប្រទេសវៀតណាមដែលមានចំណែកទីផ្សារ ២០.៦% ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំនេះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគឧស្សាហកម្ម Counterpoint ។ ស្មាតហ្វូន Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌាដោយដៃគូផលិតរបស់ខ្លួនរួមមាន Foxconn, DBG, BYD និង Flex៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress