គួរឱ្យសរសើរមែន! ឃើញស្វាយកែវល្មៀតមិនសូវមានទីផ្សារ ហាងកាហ្វេ ១កន្លែងនៅភ្នំពេញ កែច្នៃស្វាយទុំចេញជានំប័ុងរសជាតិស្វាយ ទទួលបានការគាំទ្រខ្លំាងពីអតិថិជន
អាជីវកម្ម May 31, 2022 Khmernote

ហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ បានកែច្នៃស្វាយទុំផលិតចេញជានំបុ័ងស្វាយ ដែលមានរសជាតិឆ្ងាញ់ពិសា ហើយទទួលបានការគាំទ្រខ្លំាងពីអតិថិជន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ប៊ុនវុទ្ធិការ ស្ថាបនិកកែច្នៃផ្លែស្វាយទុំធ្វើជានំបុ័ង ស្ថិតនៅសាលាសង្កាត់ក្រាំងធ្នុង រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យករបរបើកហាងកាហ្វេនិងការផលិតនំបុ័ងដែលច្នៃចេញពីផ្លែឈើក្នុងស្រុក អស់រយៈពេលជាង១ឆ្នាំមកហើយ គឺដើម្បីលើកស្ទួយផលិតផលកសិកម្មអត្តសញ្ញាណជាតិ សម្រាប់បានដាក់លក់នៅលើហាង ឬក៏ផ្សារទំនើបនាៗនៅក្នុងប្រទេស។

លោកបានបន្តថា សម្រាប់ការបើកហាងកាហ្វេ ក៏ដូចជាការច្នៃនំបុ័ងផលិតចេញពីផ្លែស្វាយទុំនេះដែរ គឺដោយសារតែលោកចង់ឱ្យនំបុ័ងនិងកាហ្វេរួមបញ្ចូលគ្នា ទើបបានជាលោកសម្រេចចិត្តផលិតនំបុ័ងដែលច្នៃចេញពីផលិតផលក្នុងស្រុក។ លោកបានបន្ថែមថា សម្រាប់ការកែច្នៃផលិតនំបុ័ងស្វាយទុំ ក៏ដូចជានំបុ័ងដ៏ទៃទៀតនេះ ដោយសារលោកបានស្រាវជ្រាវភ្លក់រស់ជាតិនំបុ័ងគ្រប់ប្រភេទ ពីបណ្ដាប្រទេសមួយចំនួន និងបានសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ហើយសាកល្បងជាច្រើនលើកច្រើនសារ ដើម្បីយកផ្លែស្វាយទុំមកផលិតចេញជានំបុ័ង សម្រាប់បរិភោគដែលមានរសជាតិឆ្ងាញ់បែបខ្មែរ និងអឺរ៉ុបលាយបញ្ជូលគ្នា។

ក្នុងនោះដែល សម្រាប់វត្ថុធាតុដើមដែលយកមកកែច្នៃផលិតជានំបុ័ងស្វាយទុំ លោកបានជ្រើសរើសប្រភេទស្វាយកែវល្មៀតដោយសារតែបច្ចុប្បន្នស្វាយកែវល្មៀតទុំ សល់ជន់ជោរច្រើនមិនសូវជាមានទីផ្សារដូចប្រភេទស្វាយដ៏ទៃទៀត ដូច្នេះហើយទើបលោកចង់លើកស្ទួយតម្លៃស្វាយកែវល្មៀតទុំឱ្យមានតម្លៃអាចកែច្នៃបានជាច្រើនមុខ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកផលិតនំបុ័ងស្វាយទុំនេះឡើង ដោយសារតែលោកចង់លើកស្ទួយផលិតផលរបស់ខ្មែរ ឱ្យមានលក់នៅក្នុងផ្សារទំនើប និងដោយសារតែចង់ឱ្យតម្លៃនៃផ្លែស្វាយកែវល្មៀតទុំ មានតម្រូវការក្នុងទីផ្សារឱ្យបានកាន់តែច្រើន ដើម្បីសម្រួលដល់កសិកម្មដាំដុះរបស់ប្រជាកសិករកុំឱ្យសល់ជន់ជោរគ្មានទីផ្សារ។

«នៅក្នុងចិត្តក្នុងអារម្មណ៍និងទស្សនៈរបស់ខ្ញុំ គឺខ្ញុំចង់ឱ្យផលិតផលរបស់ខ្មែរ យើងមានទីផ្សារមានន័យថាទីផ្សារសព្វថ្ងៃយើងមិនទាន់ធ្វើឱ្យទូលំទូលាយយកវាមកកែច្នៃអីបាននៅឡើងទេ ដូច្នេះហើយទើបខ្ញុំបានបង្កើតនំបុ័ងផ្សេងៗដើម្បីឱ្យទីផ្សារផលិតផលយើងមានដូចជាស្វាយអ៊ីចឹង ពេលខ្លះសល់គរទឹកគរដីតាមពិតស្វាយអ្នកខ្លះគេយកទៅធ្វើតំណាប់ អ្នកខ្លះគេយកទៅលក់បានទុំតិចតួច តែបើយើងយកស្វាយនឹងមកបង្កើតជាផលិតផលមួយទៀតដែលយកស្វាយដាក់ក្នុងនំបុ័ង ក៏វាបង្កើននៅការលក់បន្តទៀតដែរ»។

លោកបានអំពាវ នាវ ទៅកាន់ប្រជាពលរដ្ឋឱ្យជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរ បានកាន់តែច្រើនឡើងបន្ថែមទៀត ហើយសូមកុំយល់ច្រលំថាជាផលិតផល ឬក៏ជាការកែច្នៃរបស់ប្រទេសគេ ដោយសារតែបច្ចុប្បនេះស្ថាបនិកកូនខ្មែរម្នាក់ៗ មានគំនិតច្នៃប្រឌិតខ្ពស់ អាចផលិតបានជាច្រើនមុខ ដែលត្រូវតាមស្តង់ដារបច្ចេកទេស ឱ្យមានគុណភាពល្អ និងមានអនាម័យខ្ពស់។ សូមបញ្ជាក់ថា ហាងកាហ្វេហ្រ្គិសប៊ិន បានបង្កើតឡើងក្នុងឆ្នាំ២០២១ ដែលបច្ចុប្បន្នមានពីរសារខា មានសមាជិកចំនួន ៥០នាក់ និងមានផលិតនំបុ័ងស្វាយទុំ នំបុ័ងត្នោត នំបុ័ងខ្វិត និងនំជាច្រើនមុខផ្សេងទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន៕

ប្រភព៖ ក្រសួងព័ត៌មាន