ស្ងាត់ៗ! យីហោផ្សារទំនើបដ៏ល្បី Big C ទិញយកម៉ាត Kiwi ទាំងអស់នៅកម្ពុជា
អាជីវកម្ម May 30, 2022 Khmernote

Big C Supercenter Plc​ ដែលជាប្រតិបត្តិករលក់រាយឈានមុខគេក្នុងប្រទេសថៃ បានទិញយក Kiwi Mart ដែលជាម៉ាតលក់រាយមួយនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ តាមសារព័ត៌មានដដែល Big C បានទិញយក Kiwi Mart តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹងអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសជិតខាង។

យោងតាមលោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter ក្រុមហ៊ុន Big C Supercenter (Cambodia) បានឈានដល់កិច្ចព្រមព្រៀងទិញយក Kiwi Mart នៅកម្ពុជាកាលពីសប្តាហ៍មុន។ ការ​ទិញ​យក​នេះ​មាន​ប្រសិទ្ធភាព​គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែ​ឧសភា ប៉ុន្តែ​តម្លៃ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឡើយ​។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យក្រុមហ៊ុន Big C កាន់កាប់ហាង Kiwi Mart ចំនួន ១៨កន្លែងនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះហាងចំនួន ១៧ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងសាខា ១ទៀតនៅខេត្តកំពត។

លោក Aswin Techachareonvikul នាយកប្រតិបត្តិនៃ Big C Supercenter បាននិយាយថា Big C គ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលកំពុងតែកើនឡើង។ ក្រុមហ៊ុនរំពឹងថាការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នឹងអាចបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុករហូតដល់ ១,២០០ នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Big C មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៩ មក​ម្ល៉េះ​ ដោយ​មាន​ផ្សារ​ទំនើប​ Big C ​ដំបូង​គេ​បើក​នៅ​ក្រុង​ប៉ោយប៉ែត​ ដែល​មាន​ទំហំ​សរុប​ ៨,០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ Big C ដំណើរការពីរសាខាក្នុងប្រទេសកម្ពុជា គឺសាខា Big C Mini និងសាខាមួយរបស់ Big C hypermarket ។ ចំពោះ Kiwi Mart វិញត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាហាងលក់រាយ ២៤ម៉ោង ដោយលក់ផលិតផលជាច្រើនប្រភេទ រួមមានម៉ាកយីហោបារាំង ថៃ និងក្នុងស្រុក ផ្តោតលើអតិថិជនក្នុងស្រុក និងបរទេស៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost