Elon Musk ប្រកាសក្ដែងៗថា Tesla នឹងមិនបង្កើតរោងចក្រផលិតនៅប្រទេសឥណ្ឌាទេ បើឥណ្ឌាមិនព្រមឱ្យធ្វើរឿងមួយនេះជាមុនសិន
អាជីវកម្ម May 30, 2022 Khmernote

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla នឹងមិនបង្កើតរោងចក្រផលិតក្នុងប្រទេសឥណ្ឌាឡើយ រហូតទាល់តែប្រទេសនេះត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តនាំចូលក្នុងប្រទេសជាមុនសិន។ ឆ្លើយតបទៅនឹងបុគ្គលម្នាក់នៅលើ Twitter ដែលបានស្នើសុំឱ្យមានការអាប់ដេតព័ត៌មានអំពីរោងចក្រផលិត Tesla នៅក្នុងប្រទេសឥណ្ឌា លោក Musk បានឆ្លើយតបថា “Tesla នឹងមិនបើករោងចក្រផលិតនៅក្នុងទីតាំងណាមួយ ដែលយើងមិនត្រូវបានអនុញ្ញាតឱ្យលក់ និងផ្តល់សេវាកម្មរថយន្តជាមុនឡើយ”។

គួររម្លឹកថា Tesla និងរដ្ឋាភិបាលឥណ្ឌាបានចំណាយពេល ២ឆ្នាំដើម្បីវាយតម្លៃលើឱកាសសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក ប៉ុន្តែត្រូវនៅទ្រឹងដោយសារជាប់គាំង ខណៈរដ្ឋាភិបាលឥណ្ឌាបានទទូច ឱ្យក្រុមហ៊ុន Tesla ប្តេជ្ញាបើករោងចក្រផលិតក្នុងប្រទេស ដើម្បីឲ្យខ្លួនអាចដំឡើងរថយន្តក្នុងស្រុកក្នុងប្រទេស និងអនុវត្តតាមការយកពន្ធខ្ពស់ ទើបក្រុមហ៊ុនអាចលក់រថយន្តរបស់ខ្លួន។

លោក Nitin Gadkari រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ផ្លូវ​គោក​របស់​ប្រទេស​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាល​ពី​ខែ​មុន​ថា៖ “ប្រសិន​បើ Elon Musk ត្រៀម​ខ្លួន​ផលិតរថយន្ត Tesla នៅ​ក្នុង​ប្រទេស​ឥណ្ឌា នោះ​គ្មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​ការ​ផលិត​រថយន្ត​នៅ​ប្រទេស​ចិន និង​លក់​រថយន្ត​ទាំង​នោះ​ក្នុង​ប្រទេស​ឥណ្ឌា​គឺ​មិន​មែន​ជាសំណើ​ល្អ​ទេ”។

គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុន Tesla បានដាក់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំមុន ហើយបានចុះបញ្ជីការិយាល័យនៅទីក្រុង Bengaluru ក្នុង Karnataka ។ គ្រានោះរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌាបាននិយាយភ្លាមៗថា Tesla នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅ Karnataka ប៉ុន្តែ​មកទល់ពេល​នេះក្រុមហ៊ុនទាំងនោះត្រូវផ្អាកបាត់ទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo.