អ្នកជំនាញអះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា
អចលនទ្រព្យ May 28, 2022 Khmernote

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា វិនិយោគិន បរទេសកំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យ ដីធ្លីនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជា ប្រមាណ២០០នាក់ នៅសមាគម ពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២៥ ខែឧសភា លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបញ្ជាក់ថា ពេលវេលានេះ គឺជាឱកាសល្អសម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះកាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង និងប្រទេសដទៃទៀតមកក្នុងទីផ្សារកម្ពុជា ដែលនឹងអាចធ្វើឱ្យចរន្តទិញ លក់ក្នុងវិស័យនេះ មានសកម្មភាពកម្រើកឡើងវិញ។

លោក Ben Li ប្រធានកិត្តិយស និងជាអគ្គនាយកស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានលើកឡើងដែរថា កម្ពុជា នៅតែមានឱកាសទីផ្សារល្អ សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយការចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ ពីវិនិយោគិន ចិន ហុងកុង នៅតែមានចំនួនច្រើន ដោយថ្មីៗនេះលោកផ្ទាល់ ដែលជាសហស្ថាបនិក នៃសមាគមពាណិជ្ជកម្មកម្ពុជា-ចិននៅកម្ពុជា កំពុងតែបន្តកៀរគរអ្នកវិនិយោគបន្ថែមមកទី ផ្សារកម្ពុជាផងដែរ។

ដោយឡែក អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំនៅកម្ពុជា ហៅកាត់ថា CCCA Dr.Choi បានធ្វើការគូសបញ្ជាក់ថា វិនិយោគិនចិន ហុងកុង អាចនឹងត្រឡប់មក វិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជាកាន់តែច្រើន តាមរយៈការកៀរគរនូវវិនិយោគិនដែលជាដៃគូស្រាប់ក្នុងសមាគម និងដៃគូថ្មីៗ ស្របពេល ដែលកម្ពុជា បានផ្តល់នូវល័ក្ខខ័ណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ រួមនឹងការ បន្ធូរបន្ថយនូវច្បាប់វិនិយោគជាច្រើនដល់វិនិយោគិនបរទេសផងដែរ។

សមាគមពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំនៅកម្ពុជា ហៅកាត់ថា CCCA គឺជាលទ្ធផលនៃ កិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិន និងម្ចាស់អាជីវកម្មហុងកុងភាគច្រើននៅក្នុង ប្រទេសកម្ពុជា ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងទទួលបានអត្ថប្រយោជន៍ ពីឱកាសវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងទីផ្សារអចលនទ្រព្យ។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា អត្រាកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ២,៤ភាគរយក្នុងឆ្នាំ២០២១ ហើយនឹងកើនដល់ ៤,៨ភាគរយ ក្នុងឆ្នាំ២០២២ ខណៈ ការវិនិយោគ និងតម្រូវការក្នុងស្រុកនៅតែមានភាពល្អប្រសើរ និងការកើនឡើងសន្សឹមៗនៃ លំហូរទុនវិនិយោគពីបរទេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន