ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យង ១កន្លែង ណែនាំពីខ្យងមួយប្រភេទ ងាយស្រួលចិញ្ចឹមហើយមានតម្លៃថ្លៃនៅលើទីផ្សារ
អាជីវកម្ម May 23, 2022 Khmernote

ម្ចាស់កសិដ្ឋាន ៤០០ បានឱ្យដឹងថា ការចិញ្ចឹមពូជខ្យងមាស គឺមិនមានផលលំបាកអ្វីទេ ពិសេសមានតម្លៃថ្លៃនៅក្នុងទីផ្សារ ហើយវាបានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងមាស និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងមាសនេះអស់រយៈពេលជាង ១ឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

លោកបានបន្តថា សម្រាប់ពូជខ្យងមាសនេះ គឺនាំយកពូជមកពីប្រទេសថៃ ដើម្បីយកមកបង្កាត់ពូជចិញ្ចឹម តាមបែបធម្មជាតិ ហើយខ្យងមាសនេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹម មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់និងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើងអាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់ និងឱ្យវាស៊ីបន្លែផ្លែឈើទុំ ដូចជា ៖ ផ្លែឈើទុំ ល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹម រយៈពេល ៥ ទៅ ៦ខែ ទើបអាចប្រមូលផលបាន។ លោកបានបញ្ជាក់ថា មូលហេតុដែលលោក ចិញ្ចឹម ពូជខ្យងមាសនេះ គឺដោយសារតែលោកស្រឡាញ់ផ្នែកកសិកម្មទើបលោកខិតខំស្រាវជ្រាវ ប្រភេទខ្យងណាដែលប្លែក មានអត្ថប្រយោជន៏ដល់សុខភាព និងងាយស្រួលក្នុងការចិញ្ចឹម ជាពិសេសមានតម្លៃល្អនៅក្នុងទីផ្សារ។

«សម្រាប់បងៗដែលគាត់ចិញ្ចឹមហូបគាត់មានតែ២ ឬ ៣អាងទេ សមល្មមចង់ស្ងោរ ចង់បំពង ចង់ចំហុយ ចិញ្ចឹមតែពីរអាងទៅ បើគាត់ចិញ្ចឹមគ្រាន់តែហូប ជួយដល់សុខភាពកុមារ មនុស្សចាស់ ស្រ្ដីមានផ្ទៃពោះ សូម្បីតែអ្នកពិការក៏អាចចិញ្ចឹមខ្យងនេះបានដែរ វាងាយស្រួល ហើយអាចបានហូប ហើយពេលខ្លះគាត់អាចលក់បានទៀត អ្វីដែលសំខាន់គឺចង់ឱ្យគាត់មានមុខរបរមួយហើយ បានហូប សម្រាប់គ្រួសារគាត់ ហើយបើសល់ពីហូប គឺគាត់អាចយកមកច្នៃចាត់ចែង ជាលក់ឬក៏ដោះដូរ បានថែមទៀត»។

ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវឱ្យប្រជាកសិករដ៏ទៃទៀត គួរតែសាកល្បងចិញ្ចឹមសត្វ ឬក៏ដាំដំណាំ ផ្សេងៗជាជាងទុកដីទំនេរចោល ជាពិសេស សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រកសិកម្មក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពពលរដ្ឋយើង ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផងដែរ។

សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយលោកដែលជាម្ចាស់កសិដ្ឋាន បានចាប់យកមុខរបរផ្នែកកសិកម្មនេះ អស់រយះពេលជាង ៤ឆ្នាំមក ហើយ និងសព្វថ្ងៃកំពុងចិញ្ចឹមពូជខ្យងមាសប្រមាណ៣០០អាង ដែលមានតម្លៃពូជខ្យងក្នុង១គីឡូក្រាម ៨០០០០រៀល ៕

ប្រភព៖ ក្រសួងព័ត៌មាន