លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ លោក Cook បាននិយាយក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្រ្តី Pham Minh Chinh នៅ San Francisco កាលពីថ្ងៃទី១៧ ខែឧសភា ថា Apple នឹងពិចារណាប្រើប្រាស់របស់អ្នកផ្គត់ផ្គង់វៀតណាមបន្ថែមទៀត ក៏ដូចជាគ្រឿងបន្លាស់ និងសេវាកម្មរបស់ពួកគេនៅក្នុងផលិតផលរបស់ Apple។
ជាមួយគ្នានេះ លោកក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់គោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកមកបណ្តាក់ទុននៅក្នុងប្រទេស។ ជាការឆ្លើយតប លោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមផងដែរក្នុងការបង្កើតទីផ្សារប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់នូវលក្ខខណ្ឌល្អបំផុតសម្រាប់ធុរកិច្ច និងអ្នកវិនិយោគអាមេរិកដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម។
លោកក៏បានផ្តល់អនុសាសន៍ឱ្យ Apple វិនិយោគ និងអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដើម្បីជួយប្រទេសនេះឱ្យក្លាយជាទីផ្សារឈានមុខគេមួយនៅអាស៊ី។ គួរបញ្ជាក់ផងដែរថា Apple មិនទាន់មានរោងចក្រដំឡើងនៅវៀតណាមនៅឡើយទេ ប៉ុន្តែរោងចក្រដែលមានមូលដ្ឋាននៅវៀតណាមចំនួន ៣១ កំពុងផលិតគ្រឿងបន្លាស់សម្រាប់ Apple៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


