មិនមែនមានតែ McDonald’s ទេ ក្រុមហ៊ុនផលិតរថយន្តរបស់បារាំង Renault ក៏ប្រកាសដើរចេញពីរុស្ស៊ីជារៀងរហូតដូចគ្នា
អាជីវកម្ម May 17, 2022 Khmernote

ក្រុមហ៊ុនផលិតរថយន្តរបស់បារាំង Renault បានបង្ហាញពីផែនការដកខ្លួនចេញពីទីផ្សាររុស្ស៊ីទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk។ កាលពីថ្ងៃច័ន្ទក្រុមហ៊ុនបានប្រកាសថា ភាគហ៊ុនរបស់ខ្លួន ១០០% នៅក្នុងក្រុមហ៊ុន Renault Russia នឹងលក់ទៅកាន់ទីក្រុងម៉ូស្គូ។

នៅក្រោមផែនការនេះ ក្រុមហ៊ុននឹងលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុង​ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtovaz ទៅឱ្យវិទ្យាស្ថានវិទ្យាសាស្ត្ររុស្ស៊ីផងដែរ។ ជាមួយគ្នានេះដែរ ការលក់ភាគហ៊ុននេះ ក្រុមហ៊ុន Renault និយាយថា ខ្លួនអាចនឹងរងការខាតបង់ជិត ២.២ ពាន់លានអឺរ៉ូ ឬ ២.២៩ ពាន់លានដុល្លារ។

គួរឱ្យដឹងថា ក្រុមហ៊ុន Renault បានផ្អាកប្រតិបត្តិការនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងមូស្គូក្នុងខែមីនា ការផ្អាកត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវជាពិសេសដល់ក្រុមហ៊ុនផលិតរថយន្តឱ្យចុះចេញពីទីផ្សាររុស្ស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ nhk