អ្នកជំនាញ៖ វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី
អចលនទ្រព្យ May 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ អ្នកជំនាញថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគ របស់ចិនសាជាថ្មី បន្ទាប់ពីកម្ពុជាគ្រប់គ្រងនូវស្ថានភាពកូវីដ-១៩បានល្អប្រសើរ ហើយបាន ដំណើរការសង្គមសេដ្ឋកិច្ចប្រក្រតីឡើងវិញ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅ ក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការ ព្យាករណ៍អាចនឹងមានគម្រោងវិនិយោគច្រើននៅចុងឆ្នាំនេះ ដោយសារស្ថានភាពជំងឺ កូវីដ១៩នៅប្រទេសចិន នៅមិនទាន់មានភាពល្អប្រសើរខ្លាំង។

លោកថា បើមើលពីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសចិនវិញ ទោះបីជាមាន ស្ថានភាពល្អប្រសើរច្រើន តែយ៉ាងណាក៏ដោយ ប្រទេសចិនមិនទាន់ប្រកាសបើក ដំណើរការសេដ្ឋកិច្ចឡើងវិញទាំងស្រុង ដូចនៅប្រទេសកម្ពុជាយើងនោះទេ ជាហេតុនាំឱ្យវិនិយោគិនចិនមួយចំនួន នៅរងចាំមើលស្ថានភាពបន្តិចទៀតសិន ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញបាននូវការវិនិយោគបន្ថែមពីប្រទេសជាច្រើន ដែលជាដៃគូ វិនិយោគស្រាប់របស់ខ្លួនដោយមិនរំពឹងតែទីផ្សារវិនិយោគពីប្រទេសចិន។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា បើយើងក្រឡេកមកមើល ពីស្ថានភាព ទិញលក់អចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកយើងវិញ ស្ថានភាពទិញលក់ បាន និងកំពុង ងើបឡើងវិញជាបណ្ដើរៗហើយ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែង សម្រាប់ ស្នាក់នៅគ្រានេះ ជាឱកាសល្អព្រោះតម្លៃក្នុងពេលកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃ ទីផ្សារ។

លោកស្រី Catherine Chan ជាស្ថាបនិក និងជានាយប្រតិបត្តិនៃគម្រោងខុនដូ Urban Village &Factory Phnom Penh បានលើកឡើងថា ដោយសារការសម្រេចបើកប្រទេស ឡើង វិញយ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យស្ថានភាពវិស័យសំណង់ខុនដូក្នុង ទីផ្សារកម្ពុជា ហាក់មានសកម្មភាពកម្រើកឡើងវិញ ដែលជាឱកាសល្អសម្រាប់វិនិយោគិន បរទេស និងក្នុងស្រុកអាចសម្លឹងមើលឱកាសវិនិយោគក្នុងឧស្សាហ៍កម្មនេះជាបន្តទៀត។

គួរបញ្ជាក់ដែរថា បើផ្អែកតាមរបាយការណ៍ផ្លូវការបានបង្ហាញថា ចាប់តាំងពីប្រទេស កម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ ការវិនិយោគរបស់ចិនលើវិស័យសំណង់ធ្លាក់ចុះ៥០ភាគរយ ដោយសារមិនមានវត្តមាន អ្នកវិនិយោគចិន ចូលមកវិនិយោគលើវិស័យនេះ។ ចំណែក ៣០ភាគរយ ក្នុងចំណោម៥០ភាគរយ នៅមានសកម្មភាពសាងសង់ ហើយការសាងសង់នោះ ក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់។ ប៉ុន្តែយ៉ាងណាក៏ដោយការវិនិយោគរបស់ចិន នៅតែឈរនៅលេខរៀងទី១ នៃការវិនិយោគសរុបក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន