McDonald’s នឹងដើរចេញពីរុស្ស៊ី ហើយលក់ហាងរបស់ខ្លួន ៨៥០សាខា បន្ទាប់ពីឈរជើងអស់រាប់ទសវត្ស
អាជីវកម្ម May 17, 2022 Khmernote

​ចាប់តាំងពីរុស្ស៊ីបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងមក​ ក្រុមហ៊ុនបរទេសធំជាច្រើនជាពិសេសក្រុមហ៊ុនអាមេរិក និងអឺរ៉ុបបានដឹកដៃគ្នាដើរចេញពីរុស្ស៊ី ដើម្បីប្រឆាំងនឹងការឈ្លានពាន។ ជាមួយគ្នានេះមកទល់ថ្ងៃច័ន្ទ នាយកប្រតិបត្តិយីហោដ៏ល្បី McDonald’s បានប្រកាសថា ស្លាកយីហោ McDonald’s នឹងមិនមានទៀតទេនៅរុស្ស៊ី។

ការឈ្លានពានទៅលើអ៊ុយក្រែនបានជំរុញឱ្យនាយកប្រតិបត្តិនៃខ្សែសង្វាក់អាហាររហ័ស ត្រូវបិទភោជនីយដ្ឋានរបស់ពួកគេជាបណ្តោះអាសន្ននៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែ​ពួកគេ​និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​មិន​អើពើ​ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយក្រែន។ ជាលទ្ធផល នាយកប្រតិបត្តិគ្រោងនឹងលក់ភោជនីយដ្ឋានចំនួន ៨៥០របស់ពួកគេទាំងអស់ទៅឱ្យអ្នកទិញក្នុងស្រុក ហើយហាងទាំងនោះនឹងមិនអាចប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ឬម៉ាកយីហោ McDonald’s បានទៀតទេ។

គួរបញ្ជាក់ថា McDonald’s ត្រូវបានទិញមកបើកសិទ្ធិផ្តាច់មុខនៅទីក្រុងមូស្គូក្នុងឆ្នាំ១៩៩០ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៦២ ពាន់នាក់នៅទូទាំងប្រទេស ប៉ុន្តែនាយកប្រតិបត្តិបានអះអាងថា ពួកគេនឹងធានាថាបុគ្គលិកទាំងនោះនឹងទទួលបានប្រាក់ខែរហូតដល់ពួកគេលក់អាជីវកម្មរបស់ពួកគេបានសម្រេច៕

អត្ថបទ៖ លីនី
ប្រភព៖ nhk