ក្រុមហ៊ុន Aeon បើកការដ្ឋានគម្រោងថ្មីនៅលើទឹកដីខេត្តមួយនេះ ដែលនឹងដាក់ដំណើរនៅឆ្នាំក្រោយ
អាជីវកម្ម May 16, 2022 Khmernote

យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេក AEON MALL Cambodia CO.,LTD. កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានរៀបចំពិធីសម្ភោធបើកការដ្ឋានសាងសង់នូវមជ្ឈមណ្ឌលភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) ជាគំនិតផ្តួចផ្តើមថ្មីនៃអាជីវកម្មភស្តុភាររបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែនៅក្នុងក្រុងព្រះសីហនុ។

ការសាងសង់នេះក្នុងគោលបំណងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៣ សម្រាប់ការសម្រេចបាននូវកំពង់ផែពាណិជ្ជកម្មសេរីដែលត្រូវបានផ្ដួចផ្ដើមដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន និង JICA ។

ក្រុមហ៊ុនបានលើកឡើងថា៖ តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត តាមរយៈការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់យើងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នឹងសាងសង់នៅលើផ្ទៃដីប្រមាណ ៣០,០០០ ម៉ែត្រការ៉េនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងផ្ដល់សេវាកម្ម ផ្សេងៗទៀត។ ក្រុមហ៊ុននេះ នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិ Tsuboya Masayuki៕

អត្ថបទ៖ លីនី