ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជ្រុះបាត់តំណែងជា ក្រុមហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​របស់​ពិភពលោក
អាជីវកម្ម May 12, 2022 Khmernote

ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ ទី១១ ខែឧសភា ម្សិលមិញនេះត្រូវបានទម្លាក់ចេញពីតំណែងជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនប្រេងយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Saudi Aramco ។ យោងតាម Yahoo! Finance ក្រុមហ៊ុន Aramco បាន​វ៉ាដាច់ Apple ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដោយការជួញដូរបានកើនដល់ ២.៤៣ទ្រីលានដុល្លារ ប៊ិះនឹងអាចបំបែកកំណត់ត្រារបស់ខ្លួនបាន ខណៈតម្លៃទីផ្សាររបស់ Apple មានតម្លៃតែ ២.៣៧ ទ្រីលានដុល្លារ បន្ទាប់ពីធ្លាក់ចុះ ៥.៥% ឬ ស្មើនឹង ១៤៦.៥០ ក្នុងមួយហ៊ុនកាលពីថ្ងៃពុធម្សិលមិញនេះ។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រេងយក្សអាចវ៉ាដាច់ Apple បានដោយសារកត្តាធំៗដូចជា៖ ការកើនឡើងតម្លៃប្រេង ដែលបានបង្កើនប្រាក់ចំណេញឱ្យ Aramco ស្របពេលដែលអតិផរណាកើនឡើង និងកាន់តែអាក្រក់ទៅៗ ធ្វើឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ទីផ្សារបច្ចេកវិទ្យាបាននឹងកំពុងមើលឃើញពីការធ្លាក់ចុះដោយសារតែអតិផរណា និងបញ្ហាប្រឈមផ្សេងទៀត ដែលរួមមានការធ្លាក់ចុះដែលបណ្តាលមកពីសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ជាក់ស្ដែង រយៈពេលពេញមួយខែមេសា សន្ទស្សន៍ S&P IT ធ្លាក់ចុះ ១១% នេះបើយោងតាម ​​S&P Global Market Intelligence ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងប្រាំរួមមាន Apple, Alphabet, Amazon, Meta និង Microsoft មានទីផ្សាររួមប្រហែល ៨.៩ ទ្រីលានដុល្លារនៅឆ្នាំនេះ ដោយងាយនឹងយកឈ្នះលើក្រុមហ៊ុនប្រេងធំៗដូចជា ExxonMobil ឬ BP និងលើសពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយល្បីៗដូចជា Disney និង AT&T។ /WarnerMedia៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo