មហាសេដ្ឋី Elon Musk ថា រុស្ស៊ីកំពុងព្យាយាមកំទេចផ្កាយរណប Starlink តែមិនបានជោគជ័យឡើយ
អាជីវកម្ម May 12, 2022 Khmernote

មហាសេដ្ឋី Elon Musk បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីកំពុងប៉ុនប៉ងកំទេចផ្កាយរណប Starlink របស់ SpaceX ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការព្យាយាមរបស់រុស្ស៊ីមិនបានជោគជ័យឡើយ។ មហាសេដ្ឋីរូបនេះ បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា៖ “Starlink បានទប់ទល់នឹងការវាយប្រហារ និងការប៉ុនប៉ងលួចចូលរបស់រុស្ស៊ីរហូតមកដល់ពេលនេះ ខណៈរុស្ស៊ីក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដែរ”។

ការស្អប់របស់រុស្ស៊ីមកលើមហាសេដ្ឋី Elon Musk និង Starlink ហាក់ដូចជាបានកើនឡើងចាប់តាំងពី Starlink បានចាប់ផ្តើមដឹកជញ្ជូនស្ថានីយ និងឧបករណ៍ចាប់អ៉ីនធឺណេតទៅជួយអ៊ុយក្រែន កាលពីខែកុម្ភៈ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី និងការរំខានដល់ការចូលប្រើអ៉ីនធឺណេត។ Starlink ត្រូវបានគេរាយការណ៍ថា បានជួយកងទ័ពអ៊ុយក្រែនឱ្យនៅតែអាចប្រើអ៉ីនធឺណេតបាន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ខណៈបច្ចុប្បន្នក្រុមហ៊ុននេះនៅតែបន្តដឹកជញ្ជូនស្ថានីយបន្ថែមទៀតទៅកាន់អ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមអ៉ីនធឺណេតទៅលើផ្កាយរណបរបស់ក្រុមហ៊ុន Viasat ក្នុងខែកុម្ភៈ នៅពេលដែលកងទ័ពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឈានទៅដល់អ៊ុយក្រែន នេះបើយោងតាមមន្ត្រីលោកខាងលិច។ ការវាយប្រហារនេះបានធ្វើឱ្យអ្នកប្រើប្រាស់ Viasat រាប់ពាន់នាក់គ្មានអ៉ីនធឺណេត ដែលប៉ះពាល់ដល់ប្រជាជននៅទូទាំងប្រទេសអ៊ុយក្រែន និងប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo