រោងចក្រផលិតចង្រ្កានធ្យូងនៅក្នុងប្រទេសថៃ កំពុងឡើងកូដខ្លាំង ខណៈតម្លៃប្រេង និងហ្គាសសម្រាប់ធ្វើម្ហូបនៅតែបន្តឡើងថ្លៃចាប់មិនឈ្នះ
អាជីវកម្ម May 11, 2022 Khmernote

ការបញ្ជាទិញចង្រ្កានធ្យូងពីររោងចក្រធំមួយក្នុងខេត្ត Trang បានកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃប្រេង និងហ្គាសសម្រាប់ធ្វើម្ហូបនៅតែបន្តឡើងថ្លៃចាប់មិនឈ្នះ។ លោកស្រី Sirinya Luandee វ័យ ៣៧ឆ្នាំ ម្ចាស់រោងចក្រចង្រ្កានធ្យូង Kuan Thani បាននិយាយថា តម្រូវការចង្រ្កានធ្យូងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្ដាលខែមេសា ហើយទំនងនឹងបន្តកើនឡើងថែមទៀត។

លោកស្រី បានបន្តថា រោងចក្រ​បាន​បង្កើន​សមត្ថភាព​ផលិតចង្រ្កាន​ដល់ ៤,០០០ចង្ក្រាន​ក្នុង​មួយ​ខែ ពី​ចន្លោះ​ពី ២,០០០ ទៅ ៣,០០០ ចង្ក្រាន ខណៈ​រោងចក្រ​ទទួល​បាន​ការ​បញ្ជា​ទិញ​ចង្ក្រាន​ធ្យូង​ជិត ២ម៉ឺន​ចង្រ្កាន។ ជាមួយគ្នានេះ អតិថិជនភាគច្រើនជាអ្នកលក់រាយដែលបានទិញវាសម្រាប់លក់នៅខេត្ត Songkhla, Krabi, Nakhon Si Thammarat, Surat Thani និង Phuket។

យ៉ាង​ណា​ក៏​ដោយ អ្នកស្រី​អះអាង​ថា រោងចក្រ​មិន​អាច​បង្កើន​សមត្ថភាព​ផលិត​បន្ថែម​ទៀត​បាន​ទេ ដោយសារ​ចំនួន​កម្មករ និង​វិធី​ផលិត​មាន​កម្រិត។ ទន្ទឹមនឹងនេះ ទោះបីជាដីឥដ្ឋសម្រាប់ផលិតចង្រ្កានអាចរកបាននៅក្នុងស្រុកក៏ដោយ អ្នកស្រីបាននិយាយថា រោងចក្រត្រូវដំឡើងថ្លៃចង្ក្រានចន្លោះពី ១០០ទៅ ៣០០បាត ដោយសារការឡើងថ្លៃសម្ភារៈផ្សេងទៀត ក៏ដូចជាថ្លៃដឹកជញ្ជូន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand