ប្រើលុយបង្កើតលុយ! យុវជនវ័យ ១៧ ឆ្នាំសុខចិត្តចោលការសិក្សានៅវិទ្យាល័យ ស្រវារបរលក់ស្បែកជើង ឥឡូវក្លាយជាម្ចាស់អាជីវកម្មខ្ទង់ម៉ឺនដុល្លារទាំងវ័យក្មេង
អាជីវកម្ម May 10, 2022 Khmernote

យុវជន Joe Franklin បានចាប់ផ្ដើមអាជីវកម្មលក់ស្បែកជើងប៉ាតានៅពេលដែលគាត់មានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ដោយប្រើលុយ ៣៩៥ ដុល្លារ ដែលបានសន្សំសម្រាប់ធ្វើខួបកំណើតជាដើមទុនក្នុងការចាប់ផ្ដើម។ គាត់បានសន្សំដើម្បីទិញស្បែកជើងដែលកម្រនឹងមានលក់សម្រាប់អ្នកហ្វឹកហាត់ផ្នែកកីឡាមួយចំនួន បន្ទាប់មកដាក់លក់នៅលើបណ្ដាញហ្វេសប៊ុកក្នុងតម្លៃទ្វេដង។

បន្ទាប់ពីចេះរកប្រាក់ចំណេញ នៅអាយុ ១៧ឆ្នាំ Franklin បានក្លាយជាម្ចាស់អាជីវកម្មដែលមានហាងផ្ទាល់ខ្លួននៅក្នុងទីក្រុងឡុងដ៍ ហើយបានងាកទៅរកស្បែកជើងម៉ាកល្បីៗ ដែលជាតម្រូវការដ៏ពេញនិយមរបស់តារារ៉េបអាមេរិកដូចជា Dizzee Rascal និង AJ Tracey។ យុវជនរូបនេះបានទិញស្បែកជើងដែលមានតម្លៃបំផុតគឺ Nike Air Mags ដែលត្រូវបានគេស្គាល់ថា Back to the Future ក្នុងតម្លៃ ៤៥,០០០ ផោន ស្មើនឹងជិត ៦០០០ ដុល្លារអាមេរិក បន្ទាប់មកលក់ក្នុងតម្លៃ ៥៧,០០០ ផោន ស្មើនឹងជិត ៧៥០០ ដុល្លារអាមេរិក។

ក្រោយមកនៅឆ្នាំ២០១៨ Franklin បានបើកអាជីវកម្មរបស់ខ្លួនដែលមានឈ្មោះថា 5upplied ហើយបន្ទាប់មកបានបោះបង់ចោលការសិក្សានៅវិទ្យាល័យនៅអង់គ្លេស មកគ្រប់គ្រងហាងបន្ទាប់ពីអាជីវកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស។ Franklin បាននិយាយថាការសិក្សាមិនមែនជាអ្វីដែលធ្វើឲ្យគាត់រឹងមាំនោះទេ ហើយវាក៏មិនសំខាន់សម្រាប់គាត់ដូចគ្នា។ ផ្ទុយទៅវិញជំនាញជំនួញរបស់គាត់បានធ្វើឲ្យក្មេងជំទង់ដូចជាគាត់ អាចបង្កើតបណ្តាញទំនាក់ទំនងជាសកល និងជាមួយអតិថិជនកំពូលៗ ដោយសារចេះយកលុយមកបង្កើតលុយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc